ស្ទឹងត្រែង៖ ក្នុងសកម្មភាព ទាញយកឈើនៅទន្លេសេ សាន មុខវត្តបាដើមកន្លងមកថ្មីៗនេះ ព្រះតេជគុណ សុង ប៊ុនហ៊ាង សមុហ៍គុណខេត្ត ហៅថា(ព្រះអង្គក្លាហាន) គង់ នៅវត្តជ័យមង្គល ហៅវត្តកំភុន មានពុទ្ធដីកាថា៖ តាមការពិនិត្យជាក់ស្ដែង ឈើប្រភេទធំនេះ មានអាយុកាល មិនតិចជាង 200 ឆ្នាំទេ ហើយក្នុងទសវត្សទី៩០ ត្រូវប្រជាពលរដ្ឋកាប់ដឹកទម្លាក់ទឹក លិចកប់ទៅក្នុងបាតទន្លេសេសាន។
ព្រះតេជគុណមានពុទ្ធដី កាទៀតថា៖ កាលពីខែកុម្ភៈដើមឆ្នាំ ២០២១ (មិនបានចាំថ្ងៃ) មានពពួកមនុស្សសម្បុរខ្មៅមាឌធំៗ មកប្រាប់ព្រះអង្គឲ្យទៅជួយពួកគេនៅមុខវត្តបានដើម ផង ព្រោះមានមនុស្សលោក យករណារម៉ាស៊ីន កាប់អារចិញ្ច្រាំពួកខ្លួន។
ដោយមានហេតុផលបែបនេះ ព្រះអង្គ ក៏បាននិមន្តទៅទីតាំងនោះ បានឃើញប្រជាអ្នកនេសាទមួយក្រុមកំពុងនាំគ្នាអារឈើ នៅលើវាលខ្សាច់កណ្ដាលទន្លេសេសាន (នៅខែប្រាំងទឹកស្រកទៅ )ហើយព្រះអង្គក៏បានទៅឃាត់ ឲ្យពួកគេឈប់អារ នឹងសុំជាវឈើនោះ ក្នុងតម្លៃមួយលានរៀល។
ព្រះតេជគុណមានពុទ្ធ ដីកាបន្តថា៖ ការព្រមព្រៀងទទួលយកប្រាក់ ក្រុមប្រជាអ្នកនេសាទក៏ឈប់អារឈើនោះ ហើយក៏រក្សាទុកឈើធំៗនោះ ចាប់ពីរដូវប្រាំងរហូតដល់រដូវវស្សាទឹកឡើង ព្រះអង្គក៏បាននាំព្រះសង្ឃ យកខ្សែទៅចងអូសយកមកចងទុកនៅមុខកំពង់វត្តបាដើម ជាទីតាំងប្រាសាទបុរាណខ្មែរ។ លុះដល់ថ្ងៃសុក្រទី១៦ កក្កដាពពួកមនុស្សធំៗនេះ បានមកប្រាប់ព្រះតេជគុណម្តងទៀត ថា ពួកគាត់សុំមកនៅក្នុងវត្តបាដើមមុនថ្ងៃចូលវស្សា ទើបព្រះអង្គនាំគ្នាយករថយន្តស្ទូច វាយគង-វាយស្គរលើកឈើនេះឡើង យកមករក្សារទុកនៅក្នុងវត្តបាដើមនេះតែម្ដង។
ប្រជាពលរដ្ឋអ្នកចូលរួមយកឈើនេះ បានបញ្ជាក់ថា៖ ឈើនេះពិតជាមានបារមីកាន់មែន ព្រោះនៅពេលទៅអូស ទាញពីកណ្ដាលទន្លេមកគ្រាន់ តែយកខ្សែគោចងទាញមក ហាក់ដូចមានបារមីជួយនាំ ធ្វើដំណើរមក សូម្បីតែទឹកក៏មិនហូររសាត់ទាញទៅដែរ ហើយការនាំយកមកទុកនៅក្នុងវត្តអារាម ក៏មានភាពងាយស្រួលថែមទៀត។
សូមបញ្ជាក់ថា៖ ឈើប្រណិតធំៗ ៣ កំណាត់នេះ បច្ចុប្បន្នបានតម្កល់ទុកនៅក្នុងវត្តបាដើមហៅវត្ត(ចេតិយារាម) សម្រាប់បងប្អូនពុទ្ធ បរិស័ទ កូនចៅជំនាន់ក្រោយបានឃើញនិងបានស្គាល់ នឹងអាចបន់ស្រន់សុំសេចក្តីសុខសប្បាយ៕
ប្រភព៖ក្រសួងព័ត៌មាន