សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាផ្ញើលិខិតតាមរយៈកាកបាទក្រហមអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះប្រជាជនអាល្លឺម៉ង់ ដែលបានរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដែលបណ្ដាលឱ្យមនុស្សជាង១០០នាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន។
ក្នុងលិខិតរបស់ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនលោកស្រី ហ្កឺដា ហាសែលហ្វៀល ប្រធានកាកបាទក្រហមអាល្លឺម៉ង់មានខ្លឹមសារថា “ខ្ញុំពិតជាមានសេចក្តីក្រៀមក្រំយ៉ាងខ្លាំងនៅពេលបានទទួលដំណឹងអំពីទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅក្នុងរដ្ឋ Rhine-Westphalla និងរដ្ឋ Rhineland-Palatinate កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ហើយដែលបណ្តាលឱ្យមនុស្សជាងមួយរយនាក់ត្រូវបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន”។ លិខិតបានបន្តថា ក្នុងនាមគណៈកម្មាធិការកណ្តាល សមាជិក មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខនិងមានសមានចិត្តអាណិតអាសូរដ៏ស្មោះស្ម័គ្រតាមរយៈកាកបាទក្រហមអាល្លឺម៉ង់ ដល់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្ថែមថា “ខ្ញុំសូមបួងសួងដល់អ្នករងរបួសឱ្យឆាប់ជាសះស្បើយ និងសូមឱ្យប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសម្រេចបានជោគជ័យ និងសូមឱ្យការស្ដារឡើងវិញនូវតំបន់ទឹកជំនន់ ឆាប់ទទួលបានភាពល្អប្រសើរឡើងវិញ”៕
ប្រភព៖ក្រសួងព័ត៌មាន