យុត្តិធម៌ជម្រុញការប្រឆាំងនឹងការធ្វើនយោបាយភាវូបនីយកម្មពីប្រភពដើមរបស់វីរុស

301

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ការអំពាវនាវដ៏លើសលប់សម្រាប់យុត្តិធម៌ដែលធ្វើឡើងដោយប្រទេសកាន់តែច្រើនទៅលើការងារស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ គឺផ្ទុយស្រឡះពីការអនុវត្តរបស់ប្រទេសមួយចំនួនដែលស្វែងរកឧបាយកលនយោបាយ បដិសេធវិទ្យាសាស្ត្រ និងបំភ្លៃការពិត។

លោកបានធ្វើការកត់សម្គាល់ខាងលើនេះ ខណៈដែលប្រទេសចំនួន ៧ ផ្សេងទៀតដែលរួមមានទាំង ហ្គ្រេណាដា និងគីរីបាទីផងនោះបានធ្វើបដ្ឋិលេខទៅលើលិខិតដែលផ្ញើទៅអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ក្នុងការប្រឆាំងនឹងការធ្វើនយោបាយនៃការសិក្សាអំពីប្រភពដើមនៃវីរុសនេះ។ រហូតមកដល់ពេលនេះ មានប្រទេសចំនួន ៥៥ បានធ្វើបដ្ឋិលេខទៅលើលិខិតនោះ។

អង្គការសុខភាពពិភពលោកបានជូនដំណឹងដល់រដ្ឋជាសមាជិកអំពីផែនការរបស់ខ្លួនសម្រាប់ដំណាក់កាលទី ២ នៃការសិក្សាប្រភពដើមនៃវីរុសនេះនៅក្នុងរបាយការណ៍ខ្លីនៃរដ្ឋជាសមាជិករបស់ខ្លួនកាលពីថ្ងៃសុក្រ ដែលមិនត្រូវគ្នានឹងជំហររបស់ប្រទេសចិន និងប្រទេសជាច្រើនទៀត។

យោងតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងថា ប្រទេសជាច្រើនរួមមានប្រទេសរុស្ស៊ី បេឡារុស្ស ប៉ាគីស្ថាន និងស្រីលង្កា បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការសិក្សាអំពីប្រភពដើមនៃវីរុស គឺជាបញ្ហាវិទ្យាសាស្ត្រ ហើយមិនអាចយកមកធ្វើនយោបាយបានទេ។

លោក Zhao បាននិយាយថា «នេះជាការឆ្លុះបញ្ចាំងឱ្យឃើញទាំងស្រុងពីកន្លែងដែលយុត្តិធម៌ត្រូវបានកុហក់ ហើយនិងអ្វីដែលជាសេចក្តីប្រាថ្នារួមគ្នារបស់សហគមន៍អន្តរជាតិ»។

លោកបាននិយាយថា ភាគីពាក់ព័ន្ធគួរតែបញ្ឈប់ឧបាយកលនយោបាយអំពីប្រភពដើមនៃវីរុស និងបញ្ឈប់ការប្រើប្រាស់វាជាលេសដើម្បីផ្លាស់ប្តូរការស្តីបន្ទោស និងបញ្ឈប់កិច្ចសហប្រតិបត្តិការអន្តរជាតិដោយចេតនាទៅលើការសិក្សាប្រភពដើមនៃវីរុសនេះ។

លោក Zhao បាននិយាយថា ប្រទេសចិនបានជំរុញឱ្យភាគីពាក់ព័ន្ធធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងបែបវិទ្យាសាស្ត្រ ព្រមទាំងចូលរួមវិភាគទានជាមួយសហគមន៍អន្តរជាតិដើម្បីកម្ចាត់វីរុសនេះ និងការពារសុខុមាលភាពរបស់ប្រជាជន៕

ប្រភព៖ក្រសួងព័ត៌មាន