ភ្នំពេញ៖សពបុរសម្នាក់ដែលបានបើករុឺម៉កឡើងមកលើស្ពានជ្រោយចង្វាហើយលោតទឹកសម្លាប់ កាលពីថ្ងៃអាទិត្យទី១៨ នោះឥឡូវត្រូវបានប្រជាពលរដ្ឋផ្ទះឃើញអណ្ដែតទឹកនៅក្នុងទន្លេសាបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហើយចុះមកពិនិត្យមើល ។
សពនេះបានប្រទះឃើញកាលពីវេលាម៉ោង០៩នឹង៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតបណ្ដោយច្រាំងទន្លេសាប ត្រង់ចំណុចភូមិព្រែកតាសេក ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សពបុរសរងគ្រោះមាន ឈ្មោះ ងួន កក្កដា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតរស់នៅ ភូមិតាព្រះ ឃុំ អង្លុង ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅម្ដុំផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរសុីឈ្នួលដឹកអីវ៉ាន់ឲ្យគេ។
តាមប្រភពព័ត៌មានដែលយើងទទួលបានពីបងប្រុសរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្អូនប្រុសរបស់គាត់សព្វថ្ងៃនេះគឺមានជំងឺសសៃប្រសាទនៅក្នុងខួរក្បាល ទើបបណ្ដាលឱ្យរូបគាត់គិតខ្លីបែបនេះ រហូតមកដល់ថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះជនរងគ្រោះក៏បានបើករុឺម៉កចេញពីផ្ទះហើយប្រាប់បងនឹងប្អូនប្រុសម្នាក់ទៀតថារូបគេមករកទិញខោអាវ ហើយបានបាត់ខ្លួនរហូតតាំងពីថ្ងៃនោះមកមិនឃើញប្អូនប្រុសត្រឡប់មកផ្ទះវិញសោះ ស្រាប់តែក្រោយមកក៏បានទទួលដំណឹងតាមរយៈមើលការផ្សពផ្សាយព័ត៌មាន ថាមានបុរសម្នាក់បើករ៉ឺម៉កម៉ូតូសណ្ដោងហើយនិងស្លាកលេខម៉ូតូទើបដឹងថាពិតជាប្អូនប្រុសរបស់គាត់ប្រាកដមែន។
រហូតមកដល់ថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២១ នេះទើបរូបគាត់បានទទួលដំណឹងថាមានបងប្អូនជនជាតិខ្មែរឥស្លាមដែលជាអ្នកបើកទូកនេសាទត្រីក្នុងទន្លេសាបបានប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្ដែតទឹកនៅមាត់ច្រាំងទន្លេ ទើបរូបគាត់ប្រញាប់ប្រញាល់ហៅក្រុមគ្រួសារមកដល់ទីតាំងដែលគេប្រទះឃើញនោះហើយក៏បានចុះទៅមើលផ្ទាល់ដល់កន្លែងសពអណ្ដែតទឹកនោះគឺពិតជាប្អូនប្រុសរបស់គេពិតប្រាកដមែន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ហើយត្រួតពិនិត្យមើលចាត់ចែងឲ្យប្រជាពលរដ្ឋក្រុងយកមកដាក់ខាងលើគោកដើម្បីទុកឱ្យលោកគ្រូពេទ្យចុះមកយកសំណាកទៅពិនិត្យមើលរក កូវិដ ១៩ ជាមុនសិនទើបហ៊ានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រាយការណ៍ដោយ-P.23