បើករថយន្តបោះពួយមិនដឹងផ្លូវកោងទៅបុកបង្គោលភ្លើងពេញទំហឹង

261

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបោះពួយក្នុងល្បឿនលឿនមិនដឹងថាផ្លូវកោងបួងចង្កូនមិនទាន់ជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររួចផុតពីសេចក្ដីស្លាប់ ហើយចុះពេញពីរថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង។

ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង២០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២០១១ គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាស៊េរីទំនើបម៉ាក Range Rover ពណ៌ខ្មៅមួយគ្រឿងបើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ បោះពួយក្នុងល្បឿនលឿនខណៈពេលមកដល់ត្រង់ចំណុចនឹងផ្លូវកែងលេខ៩២ ក៏បានជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើងមួយដើមដែលដាំនៅចិញ្ចឹមផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តហើយនិងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរបានរួចផុតពីសេចក្ដីស្លាប់ហើយបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោលតែម្ដង បន្សល់ទុកនៅតែរថយន្តហើយនឹងបង្គោលភ្លើងនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ហើយពិនិត្យមើលឃើញថាមានការប៉ះពាល់ទៅដល់សម្បត្តិរបស់រដ្ឋទើបទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។

រាយការណ៍ដោយ-P.23