ពលរដ្ឋមកពីប្រទេសថៃម្នាក់ ដល់ច្រកអូរបីជាន់ ដង្ហក់ប្រកាច់ស្លាប់ភ្លាមៗ យកសំណាកមានវិជ្ជមានកូវីដ-19

423

បន្ទាយមានជ័យ៖ ពលរដ្ឋត្រលប់មកពីប្រទេសថៃម្នាក់ ដល់ច្រកអូរបីជាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដង្ហក់ប្រកាច់ស្លាប់ភ្លាមៗ យកសំណាកមានវិជ្ជមានកូវីដ-19។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង 9និង10នាទី ព្រឹកថ្ងៃទី24 ខែកក្កដា ឆ្នាំ 2021 ខណៈក្រុមមន្ត្រីចំរុះកំពុងតែធ្វើការត្រួតពិនិត្យសុខភាពលើប្រជាពលរដ្ឋដែលត្រលប់មកពីប្រទេសថៃ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ជនរងគ្រោះឈ្មោះ សៀន ខុម ភេទប្រុស អាយុ52ឆ្នាំ (ជាជនពិការជើងទាំងសងខាង និងគោមខ្នង) ដែលមានប្រពន្ធឈ្មោះ យិន រ៉ាន់ អាយុ 56ឆ្នាំ ដែលអ្នកទាំងពីររស់នៅភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមការងារចម្រុះ ចាំទទួលពលករមកពីប្រទេសថៃ ប្រចាំច្រកអូរបីជាន់បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានក្រុមការងារឲ្យចូល នៅកន្លែងត្រួតពិនិត្យសុខភាព នៅច្រកអូរបីជាន់ ជាធម្មតា ស្រាប់តែជនរងគ្រោះបានដង្ហក់ផ្លូវដង្ហើមខ្លាំង ប្រកាច់ស្លាប់មួយរំពេចតែម្តង។ ក្រុមការងារចម្រុះបានបញ្ជាក់ថា ក្រោយពីពិនិត្យសំណាកលើសព បានឲ្យដឹងថា សពមានវិជ្ជមានកូវីដ-19 ហើយស្ត្រីជាប្រពន្ធក៏មានវិជ្ជមានកូវី-19ដូចគ្នា។ ប្រពន្ធត្រូវបានបញ្ជូនទៅធ្វើការព្យាបាល ចំណែកសពត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅភ្នំបាក់ នៅឯក្រុងសិរីសោភ័ណ ដែលជាកន្លែងបូជាសព អ្នកស្លាប់ដោយជំងឺកូវីដ-19៕