ក្រុមការងារចុះជួយឃុំសំបូរប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ក្នុងវត្ត វត្ដអង្គខ្មៅ និងវត្តអង្គតាឡឹក

468

កំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម គឹម ចាន់សំណាង, ឯកឧត្តម លី វិចិត្រ អនុប្រធានក្រុមការងារចុះជួយឃុំសំបូរ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សោម អូន ប្រធានក្រុមការងារចុះជួយឃុំសំបូរ សមាជិកក្រុមការងារចុះជួយឃុំសំបូរ មេឃុំ ក្រុមប្រឹក្សាឃុំ មេបុស្តិ៍ ក្រុមយុវជនឃុំ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់មួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ក្នុងវត្តចំនួន ២វត្ត វត្ដអង្គខ្មៅ និងវត្តអង្គតាឡឹក ស្ថិតក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទេយ្យទានដែលត្រូវប្រគេនព្រះសង្ឃ នាឱកាសនោះរួមមាន៖ ទៀនព្រះវស្សា ២គូ អង្ករ ១០០ គក មី ៤កេះ ទឹកក្រូចចំនួន ៤កេះ ទឹកសុទ្ធចំនួន ៤កេះ ទឹកត្រីចំនួន ៤យួ ទឹកស៊ីអ៊ីវចំនួន ៤យួ រួមទាំងបច្ច័យចំនួន ១,២៨០,០០០៛។

បើទោះបីជាស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅបន្តយាយីក្នុងប្រទេសក៏ពិតមែន ក្នុងនាមជាពុទ្ធសាសនិកជន ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ នៅតែគោរពប្រតិបត្តិតាមគន្លងប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាពិសេសក្នុងរដូវកាលនៃព្រះវស្សានេះ ដែលយើងទាំងអស់គ្នាតែងតែប្រគេននូវទៀនព្រះវស្សា និងទេយ្យទានទាំងឡាយសម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សារយៈកាល៣ខែក្នុងទីអារាម ដោយមិនអាក់ខាន។ ជាមួយគ្នាផងដែរ ក្រុមការងារទាំងអស់បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ ដើម្បីចៀសវាងការឆ្លងរាលដាលនូវជំងឺកូវីដ ១៩ ទៅក្នុងសហគមន៍។