ពលករមកពីថៃ តាមច្រកអូស្មាច់ ជាង ៤០០នាក់ រកឃើញអ្នកឆ្លងជំងឺកូវីដ  ១៦១ នាក់

380

ពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិអូស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ ចំនួន ៤៤៩នាក់ មន្ទីរសុខាភិបាល  បានស្រាវជ្រាវរកមេរោគកូវីដ១៩ ក្នុងនោះមានវិជ្ជមានជំងឺកូវីដ  ចំនួន ១៦១នាក់ ។ នេះបើតាមរបាយការណ៍មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មានឲ្យដឹងនៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២១ ខណៈដែលក្រុមការងារសុខាភិបាល បានចុះពិនិត្យយកសំណាក ស្វែងរកជំងឺកូវីដ១៩ លើពលករមក ពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ  ។  ចំពោះពលករដែលអវិជ្ជមានសរុប ចំនួន ២៨៨ នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កខេត្តប៉ៃលិន ចំណែកពលករដែលមានវិជ្ជមាន កូវីដ១៩ សរុបចំនួន ១៦១នាក់ ត្រូវបានបញ្ជូនពីច្រកអូរស្មាច់  ទៅមណ្ឌលព្យាបាល នៅខេត្តប៉ៃលិនផងដែរ ។

បើយោងតាមសេចក្តីប្រកាសរបស់ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន ១៩៦ ករណីបន្ថែមទៀត  ។

ក្នុងចំណោមអ្នកជំងឺកូវីដទាំង១៩៦នាក់ ក្នុងនោះអ្នកជំងឺចំនួន ៣៤នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន ១៦១នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន ១នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,០១០ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៣,៧៣0ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ២៨០ករណី បានព្យាបាលជាសះស្បើយចំនួន ៦៥៥នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៣៤៧នាក់ និងស្លាប់បាត់បង់ជីវិត ៨នាក់ផងដែរ៕