អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យមើលការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្រុកភ្នំស្រុក

344

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-19 ជូនដល់ប្រជាពលរដ្ឋ ចំនួន6ឃុំ ទូទាំងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី26ខែកក្កដា ឆ្នាំ2021នេះ។
ស្រុកភ្នំស្រុក បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋព្រះសង្ឃចាប់ពីថ្ងៃទី២៤ ខែកក្កដាមក ឃើញមានវត្តមានបងប្អូនរាប់រយពាន់នាក់មកចូលរួមចាក់ដោយស្មគ្រ័ចិត្ត សម្រាប់ស្រុកភ្នំស្រុកមានវ៉ាក់សាំងបានផ្តល់ជូនប្រមាណ ២៩ ០០០ដូស ស្មើនឹង២៩ ០០០នាក់ ចាក់ស្រោចទាំង៦ឃុំទូទាំងស្រុក ត្រូវបានរៀបចំទីតាំងចាក់ចំនួន ៦ទីតាំងតាមបណ្តាឃុំ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានជម្រាបជូនអ្នកដែលបានចាក់វ៉ាក់សាំងលើកទី1 រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាលឲ្យបានត្រឹមត្រូវទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី1 រហូតដល់ថ្ងៃចាក់ដូសទី2 ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-19ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន 3ការពារ និង3កុំ ឱ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាដល់ក្រុមការងារយុវជនស្រុក 1,000,000រៀល កម្លាំងនគរបាល 200,000រៀល និង អាវុធហត្ថ 200,000រៀលផងដែរ៕