ការរឹតត្បិតជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី បានបន្តរហូតដល់ថ្ងៃទី០២ ខែសីហា

355

អន្តរជាតិ ៖ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃអាទិត្យថា ការរឹតបន្តឹងនាពេលបច្ចុប្បន្ន ដែលត្រូវបាន ធ្វើឡើងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នឹងបន្តរហូតដល់ថ្ងៃទី ២ ខែសីហា ប៉ុន្តែការកែសម្រួលជាច្រើនទាក់ទងនឹងសកម្មភាពសហគមន៍ នឹងត្រូវបានធ្វើឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ចលនារបស់ប្រជាជនត្រូវបានរឹតត្បិតយោងទៅតាមវិស័យដែលពួកគេធ្វើការ ហើយមានតែនិយោជិតនៅក្នុងវិស័យសំខាន់ដូចជា ថាមពលនិងសុខភាពប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកន្លែងធ្វើការវិញ។ ទោះយ៉ាងណានៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោកប្រធានាធិបតី វីដូដូ បាននិយាយថា នឹងមានការកែតម្រូវមួយចំនួនដោយគិតពីទិដ្ឋភាពសុខភាព និងសេដ្ឋកិច្ចក៏ដូចជាសក្ដានុពល សង្គម។

“ទីផ្សារបែបបុរាណដែលលក់នូវរាល់តម្រូវការចាំបាច់ប្រចាំថ្ងៃ អាចនឹងបើកជាធម្មតានៅក្រោមការអនុវត្តន៍ដោយតឹងរឹង”។ លោកវីដូដូបានមានប្រសាសន៍ថា“ ទីផ្សារបែបបុរាណដែលលក់ក្រៅពីតម្រូវការចាំបាច់ប្រចាំថ្ងៃ អាចនឹងបើកក្នុងទំហំ ៥០ភាគរយ គឺបើកត្រឹមម៉ោង ៣ រសៀល ហើយការរៀបចំបន្តនឹងត្រូវធ្វើឡើងដោយរដ្ឋាភិបាលក្នុងតំបន់” ។

លោកបានបញ្ជាក់ថារដ្ឋាភិបាលបានបង្កើនជំនួយសង្គមសម្រាប់សហគមន៍និងអាជីវកម្មខ្នាតតូច ហើយព័ត៌មានលម្អិត នឹងត្រូវប្រកាស ដោយរដ្ឋមន្ត្រីពាក់ព័ន្ធ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានចាត់ថ្នាក់តំបន់នៅក្នុងប្រទេសជាបួនកម្រិតដោយកម្រិត ១ មានសុវត្ថិភាពបំផុត និងកម្រិត ៤ ជាកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត។ ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បច្ចុប្បន្ន ស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក។ ប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងចំនួនជាង ៣ លាននាក់ និងអ្នកស្លាប់ មានចំនួន ៨៣,០០០ នាក់៕

ប្រភព៖ក្រសួងព័ត៌មាន