រដ្ឋាភិបាលអង់គ្លេស ព្យាយាមរារាំងក្រុមហ៊ុនចិន មិនឲ្យចូលរួមក្នុងគម្រោងនុយក្លេអ៊ែរ

274

រដ្ឋាភិបាលអង់គ្លេស កំពុងព្យាយាមរារាំងក្រុមហ៊ុនរបស់ចិន ឈ្មោះ CGN មិនឲ្យចូលរួមវិនិយោគ នៅក្នុងគម្រោង សាងសង់ស្ថានីយ៍នុយក្លេអ៊ែរ នៅប្រទេសអង់គ្លេស។ នេះបើផ្អែកតាមការចុះផ្សាយ របស់បណ្តាញសារព័ត៌មានអង់គ្លេស។ ដំណឹងនេះ បង្ហាញពីភាពតានតឹង មិនចុះសម្រុងគ្នាមួយទៀត រវាងចិន និងអង់គ្លេស បន្ថែមពី បញ្ហាដែលមានស្រាប់ ទាក់ទិននឹងសំណុំរឿងហុងកុង និង សំណុំរឿងជនជាតិអ៊ុយហ្គួរ ជាដើម។
ទីភ្នាក់ងារព័ត៌មាន PA បានចុះផ្សាយដោយយោងតាមប្រភព ពីមន្ត្រីរដ្ឋាភិបាលអង់គ្លេស ថា រដ្ឋាភិបាលអង់គ្លេសកំពុងតែរៀបចំវិធានការ ដើម្បីរារាំង មិនឲ្យក្រុមហ៊ុនចិន ឈ្មោះ CGN ចូលរួមវិនិយោគ ក្នុងគម្រោងសាងសង់ស្ថានីយ៍នុយក្លេអ៊ែរ នៅអង់គ្លេស។ ដំណឹងនេះ ក៏ត្រូវបានកាសែត The Financial Times ចុះផ្សាយផងដែរ។
ប្រភពដដែលអះអាងថា ក្រុមហ៊ុនចិន CGN អាចនឹងត្រូវគេហាមឃាត់ មិនឲ្យចូលរួមក្នុងគម្រោងស្ថានីយ៍នុយក្លេអ៊ែរចំនួនយ៉ាងហោច២ គម្រោង។ ទីមួយ គឺគម្រោង Sizewell ស្ថិតនៅភាគខាងកើត ដែលក្រុមហ៊ុន CGN ចង់ចូលរួមភាគហ៊ុនមួយផ្នែកតូច ជាមួយនឹងក្រុមហ៊ុនបារាំង EDF។ ចំណែកគម្រោងមួយទៀត ឈ្មោះ Bradwell នៅភាគខាងត្បូងអង់គ្លេស គឺក្រុមហ៊ុនចិន CGN ចេញមុខវិនិយោគតែម្នាក់ឯងទេ ហើយដោយចង់យកបច្ចេកវិទ្យានុយក្លេអ៊ែររបស់ចិន មកប្រើថែមទៀតផង។
គួរបញ្ជាក់ថា អង់គ្លេសមានស្ថានីយ៍នុយក្លេអ៊ែរចំនួន ៨ទីតាំង សរុបរ៉េអាក់ទឺរ ចំនួន១៥។ ២០%នៃថាមពលអគ្គិសនីនៅអង់គ្លេស គឺបានមកពីថាមពលនុយក្លេអ៊ែរ។ ដើម្បីឈានទៅសម្រេចកម្មវត្ថុអព្យាក្រិត្យកាបូន នៅឆ្នាំ២០៥០ អង់គ្លេស មានគម្រោងរក្សាភាគរយ នៃថាមពលនុយក្លេអ៊ែរនេះ ឲ្យនៅដដែល។
នៅចំពោះមុខអ្នកកាសែត កាលពីថ្ងៃចន្ទ ទី២៦កក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា អង់គ្លេស ត្រូវតែបង្កើតបរិយាកាសពាណិជ្ជកម្ម-វិនិយោគ ដោយសមភាព ប្រកបដោយតម្លាភាព និងដោយគ្មានការរើសអើង មកលើក្រុមហ៊ុនរបស់ចិន។
គួររំលឹកថា ប្រសិនបើដំណឹងនេះជាការពិត គឺវានឹងមកបន្ថែម បញ្ហាវិបត្តិការទូតមួយទៀត រវាងអង់គ្លេស និងចិន។ ក្រៅពីបញ្ហាហាមឃាត់ក្រុមហ៊ុន Huawei អង់គ្លេសបានចេញមុខរិះគន់ចិនខ្លាំង ទាក់ទិននឹងបញ្ហាហុងកុង ព្រមទាំងសំណុំរឿងរំលោភសិទ្ធិមនុស្ស នៅខេត្តស៊ីនជាំង។ ឥទ្ធិពលវាទទីរបស់ចិន មកលើសេដ្ឋកិច្ចអង់គ្លេស ត្រូវបានក្រុមអ្នកនយោបាយអភិរក្សនិយមអង់គ្លេស បរិហាជារឿយៗ ថារដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្ន។