ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធាន មន្ទីរសុខាភិបាលខេត្ត លោកវរេសនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្ត លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរងនគរបាលខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្ដដា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះពិនិត្យមើលតំបន់បិទខ្ទប់ និងការយកសំណាក បងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករ នៅផ្សារអង្គតាសោម ក្រោយរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការ សហគមន៍ ២០កុម្ភៈ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋថា ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ យើងត្រូវអនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនឹងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់ ឱ្យបានគ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើន ជាពិសេសមិនត្រូវនាំគ្នាផឹកស៊ីដែលនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួន៕
ប្រភព៖ក្រសួងព័ត៌មាន