លោកជំទាវ ឯកអគ្គរដ្ឋទូតគុយបា ៖ ចម្ងាយភូមិសាស្រ្ត មិនមែនជាឧបសគ្គនៃទំនាក់ទំនង គុយបា-កម្ពុជា នោះទេ

265

លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសគុយបា និងព្រះរាជាណាចក្រកម្ពុជា បានបង្កើតទំនាក់ទំនងការទូត កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ហើយដែលគិតរហូតមកទល់ឆ្នាំនេះ គឺមានចំនួន ៦១ឆ្នាំហើយ។ ដោយចាប់តាំងពីពេលនោះមក ទំនាក់ទំនងទាំងនេះបានឆ្លងកាត់ការសាកល្បងទាំងអស់ ហើយសូម្បីតែចម្ងាយភូមិសាស្ត្រក៏មិនមែនជាឧបសគ្គដែរ។ ទំនាក់ទំនងទាំងនេះគឺជាកេរ្តិ៍ដំណែលមួយរបស់មេដឹកនាំប្រវត្តិសាស្ត្របដិវត្តគុយបា ឯកឧត្តមអគ្គមេបញ្ជាការ Fidel Castro Ruz និងសម្តេចព្រះនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ)។ អ្នកទាំងពីរក៏ជាស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ និងគំនិតនៃការរីកចម្រើនសន្តិភាព និងយុត្តិធម៌ ដែលបានរួមចំណែកដល់ការគោរពគ្នា និងការកោតសរសើរ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បានបន្ថែមថា ៖ “ក្នុងរយៈពេល៦ទសវត្សរ៍មកនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរពិតជាមានតម្លៃមិនអាចកាត់ផ្តាច់បាន ដូចជាការបើកស្ថានទូតគុយបានៅកម្ពុជា ដោយលោក Raúl Valdés Vivó ក្នុងឆ្នាំ១៩៦៧ ក្នុងពេលមានសង្គ្រាមដើម្បីឯករាជ្យជាតិ។ លោកស្រី Melba Hernández ដែលជាវីរជននៃ Moncada ត្រូវបានគេផ្តល់កិត្តិយសនៅទីនេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៩ ក្នុងនាមជាឯកអគ្គរដ្ឋទូតស្ត្រីទីមួយ នៃប្រទេសគុយបា ប្រចាំនៅកម្ពុជា ស្របពេលជាមួយប្រទេសវៀតណាម។ នោះគឺជាពេលវេលាដ៏គួរឱ្យចងចាំមួយទៀតក្នុងទំនាក់ទំនងរវាងប្រទេសយើង។ មេដឹកនាំទាំងពីរដែលឥឡូវនេះបានទទួលមរណភាពទៅហើយ គឺជាឥស្សរជនសំខាន់ៗនៅក្នុងប្រវត្តិសាស្ត្របដិវត្តគុយបា”។

លោកជំទាវ បានបន្ថែមផងដែរថា នៅបច្ចុប្បន្ននេះមានកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ នៅកម្រិតពហុភាគី ដោយមានការគាំទ្រគ្នាទៅវិញទៅមកយ៉ាងច្បាស់នៅក្នុងវេទិកា និងអង្គការអន្តរជាតិ។ ឧទាហរណ៍ប្រទេសកម្ពុជាបានបោះឆ្នោតជាប្រចាំ និងដាច់ខាត ប្រឆាំងនឹងការបិទផ្លូវគុយបារបស់សហរដ្ឋអាមេរិក ដែលត្រូវបានដឹងថាជាទង្វើអយុត្តិធម៌ និងអសីលធម៌។ ប្រទេសទាំងពីរ ក៏មានទំនាក់ទំនងនៅកម្រិតសភាយ៉ាងជិតស្និទ្ធផងដែរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ ក្រុមមិត្តភាពសភាកម្ពុជា-គុយបា មានភាពស្វាហាប់ណាស់ ហើយគណបក្សកុម្មុយនិស្តគុយបា និងគណបក្សប្រជាជនកម្ពុជា ក៏បានឯកភាពធ្វើការរួមគ្នាដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងគណបក្សទាំងពីរ ហើយនេះជាលទ្ធផលនៃការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មាន។

លោកជំទាវឯកអគ្គរដ្ឋទូត បានបន្ថែមថា នៅក្នុងឆ្នាំ១៩៧៩ កងពលតូចវេជ្ជសាស្រ្តដំបូងរបស់គុយបានធ្វើដំណើរមកទីក្រុងភ្នំពេញ ដោយមានបេសកកម្មជួយធ្វើឱ្យប្រព័ន្ធសុខាភិបាលកម្ពុជាមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីការរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នៅដើមសតវត្សរ៍នោះ វេជ្ជបណ្ឌិតដទៃទៀត បានផ្តល់សេវាកម្មតាមរយៈកម្មវិធីសុខភាពទូលំទូលាយ ស្របពេលដែលយុវជនកម្ពុជាជាច្រើនបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រនៅប្រទេសគុយបា ហើយអាជ្ញាធរកម្ពុជាតែងតែកោតសរសើរកាយវិការទាំងនេះ និងពិពណ៌នាថាជាការរួមចំណែកដ៏មានតម្លៃបំផុតមួយរបស់គុយបាចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជា និងប្រទេសគុយបា បានចែករំលែកនូវទំនាក់ទំនងជាប្រវត្តិសាស្ត្រដោយផ្តោតលើផ្នែកសុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្ស។ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងគុយបា និងកម្ពុជា គឺជាសសរគ្រឹះនៃទំនាក់ទំនងការទូតអស់រយៈពេល ៦០ឆ្នាំផងដែរ ដោយនិស្សិតកម្ពុជាជាងពីររយនាក់បានសិក្សានៅប្រទេសគុយបាលើមុខជំនាញវេជ្ជសាស្ត្រ វិស្វកម្ម ក្សេត្រសាស្រ្ត និងភាសា។

លោកជំទាវ ក៏បានរំលឹកផងដែរថា គុយបា បាននិងកំពុងបន្តផ្តល់ជូនកម្មវិធីអាហារូបករណ៍សម្រាប់យុវជនកម្ពុជាដើម្បីសិក្សាផ្នែកវេជ្ជសាស្ត្រជារៀងរាល់ឆ្នាំ ហើយសិក្ខាកាមកម្ពុជាមួយចំនួនកំពុងធ្វើការជាមួយក្រុមគ្រូពេទ្យគុយបាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសគុយបាផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នៅកម្ពុជា បើទោះបីជាមិនមានឧបករណ៍សុខភាពទំនើបក៏ដោយ ក៏កម្ពុជាបានគ្រប់គ្រងបញ្ហានេះ និងបានកាត់បន្ថយផលប៉ះពាល់ ហើយអត្រាជាសះស្បើយរបស់អ្នកជំងឺក៏មានច្រើនគួរឱ្យកត់សម្គាល់។ ដោយឡែក ចំពោះគម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន ៨០% នៃប្រជាជនកម្ពុជាមុនដំណាច់ឆ្នាំ គឺជាអ្វីដែលគួរឱ្យកោតសរសើរផងដែរ៕

ប្រភព៖ក្រសួងព័ត៌មាន