ធនាគារពិភពលោក (WB) បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១៨ភាគរយនៅក្នុងឆ្នាំនេះ ដោយសារភាពចលាចលនយោបាយ និងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ។
អស្ថេរភាពនយោបាយបានធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ ដោយធនាគារជាច្រើនត្រូវបានបិទទ្វារ ហើយអាជ្ញាធរមិនអាចចេញវិក្កយបត្រ ឬប្រមូលពន្ធបាន។
ធនាគារពិភពលោកបាននិយាយថា ការវាយប្រហារ និងការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធើណេតបានកាត់បន្ថយភាពងាយស្រួល និងការរាំងស្ទះដល់វិស័យធនាគារ ដោយរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះប្រហែល ២៣ភាគរយបើធៀបទៅនឹងដុល្លារអាម៉េរិក។
ចំនួនប្រជាជនដែលរស់នៅក្នុងភាពក្រីក្រក្នុងប្រទេសមីយ៉ាន់ម៉ាទំនងជានឹងមានការកើនឡើងទ្វេដងនៅដើមឆ្នាំ ២០២២ បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។
វិនិយោគិនបានប្រញាប់ប្រញាល់ចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋាភិបាលស៊ីវិលបានកាន់អំណាចដោយបើកផ្លូវសម្រាប់កំណែទម្រង់ប្រជាធិបតេយ្យ និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានប្រជាជនជាង ៥០លាននាក់មួយនេះ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរដ្ឋប្រហារកាលពីពេលថ្មីៗនេះ វិនិយោគិនបរទេសមួយចំនួនបានផ្អាកប្រតិបត្តិការ ឬដកខ្លួនចេញពីប្រទេសនេះទាំងស្រុង។
កាលពីដើមខែនេះ ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយរបស់ប្រទេសន័រវេសបានប្រកាសថា ខ្លួនកំពុងលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅមីយ៉ាន់ម៉ាដែលជាប្រតិបត្តិករឈានមុខគេនៅក្នុងប្រទេសដែលមានអតិថិជនប្រើប្រាស់ទូរស័ព្ទចល័តចំនួន ១៨លាននាក់មួយនេះ៕
ប្រភព៖ក្រសួងព័ត៌មាន