នៅពេលដែលប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vuči បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយស្តីពីស្ថានភាពជំងឺកូវីដ-១៩ របស់ប្រទេសនេះ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោកបានពន្យល់អំពីមូលហេតុដែលលោកស្នើសុំជំនួយពីប្រទេសចិន នៅពេលដែលប្រទេសរបស់លោកកំពុងប្រឈមមុខនឹងវិបត្តិដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតនេះកាលពីដើមឆ្នាំ២០២០ ។
យោងតាមរដ្ឋាភិបាលស៊ែរប៊ីបានឱ្យដឹងថា មកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំនេះ ប្រទេសស៊ែរប៊ីបានទទួលវ៉ាក់សាំងចិនចំនួន ៤លានដូស។ ជំនួយផ្សេងៗទៀតដែលត្រូវបានផ្តល់បន្ថែមពីលើវ៉ាក់សាំងនេះរួមបញ្ចូលនូវឧបករណ៍ដែលបរិច្ចាគពីប្រទេសចិនដែលដឹកជញ្ជូនតាមយន្តហោះចំនួន ៥៨គ្រឿង ដែលជាដំបូន្មានពីក្រុមអ្នកជំនាញ និងក្រុមវេជ្ជបណ្ឌិតជនជាតិចិនដែលបានជួយប្រទេសស៊ែរប៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឧបករណ៍បច្ចេកទេសសម្រាប់មន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិត និងក្រុមគិលានុបដ្ឋាយិការបស់ស៊ែរប៊ី ដោយផ្អែកទៅលើស្ថិតិចុងក្រោយត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។
ប្រទេសស៊ែរប៊ីមិនមែនជាប្រទេសតែមួយដែលបានទទួលការគាំទ្រវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិននោះទេ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប៉ាពួញូហ្គីណេ (PNG) បាននិយាយថា យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ប្រទេសចិនបានបរិច្ចាគ និងលក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១,១លានដូសទៅឱ្យប្រទេស PNG ត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ នៅថ្ងៃដដែលនោះ ប្រទេសស្រីលង្កាក៏ទទួលបានវ៉ាក់សាំង Sinopharm របស់ចិនចំនួន ២លានដូសផងដែរ ដោយនាំឱ្យវ៉ាក់សាំងសរុបរបស់ចិនដែលបានផ្តល់ឱ្យប្រទេសស្រីលង្កាមានចំនួនដល់ទៅ ៧,១លានដូស។
គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ប្រទេសចិនបានផ្តល់ឱ្យប្រទេស និងអង្គការអន្តរជាតិជាង ១០០ នូវវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៥០០លានដូស ហើយផ្តោតទៅលើទ្វីបទាំង ៥ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលបានផ្តល់វ៉ាក់សាំងច្រើនជាងគេនៅទូទាំងពិភពលោក។ យោងតាមក្រសួងការបរទេសចិនបានឱ្យដឹងថា មានប្រទេសជាង ១០០ បានអនុម័តការប្រើប្រាស់វ៉ាក់សាំងរបស់ចិនដែលសុវត្ថិភាព និងប្រសិទ្ធភាពត្រូវបានគេទទួលស្គាល់ជាទូទៅ៕
ប្រភព៖ក្រសួងព័ត៌មាន