នាយក CIA និយាយថា គ្មានការសន្និដ្ឋានច្បាស់លាស់ណាមួយអំពីប្រភព​ដើមនៃជំងឺកូវីដ-១៩ ទេ

245

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) លោក William Burns បាននិយាយថា ប្រហែលជាគ្មានការសន្និដ្ឋានច្បាស់លាស់ណាមួយអំពីប្រភពដើមនៃជំងឺកូវីដ-១៩ នោះទេ។

នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះជាមួយវិទ្យុសាធារណៈជាតិសហរដ្ឋអាមេរិក នៅពេលដែលត្រូវបានសួរថាតើវីរុសនេះត្រូវបានបង្កើតឡើងនៅក្នុងគ្រោះថ្នាក់មន្ទីរពិសោធន៍វូហានរបស់ប្រទេសចិន រឺក៏យ៉ាងណា? លោក Burns បាននិយាយថា «ជាការឆ្លើយដ៏ស្មោះត្រង់នៅថ្ងៃនេះ គឺថាយើងមិនអាចផ្តល់ការសន្និដ្ឋានច្បាស់លាស់ណាមួយអំពីថា តើវាកើតចេញពីគ្រោះថ្នាក់មន្ទីរពិសោធន៍ ឬតើវាមានប្រភពមកពីការចម្លងតាមធម្មជាតិពីសត្វដែលឆ្លងទៅមនុស្សឬក៏យ៉ាងណានោះទេ»។

លោកបាននិយាយបន្ថែមថា វាអាចទៅរួចដែលថាប្រភពដើមនៃវីរុសនេះនឹងមិនអាចដឹងបាន «ដូចជាអ្វីៗជាច្រើនដែលយើងមិនអាចនឹងឈានដល់ការវិនិច្ឆ័យឱ្យបានច្បាស់លាស់»៕

ប្រភព៖ក្រសួងព័ត៌មាន