ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា ក្នុងអំឡុងនៃការបំពេញទស្សនកិច្ចនៅប្រទេសចិន អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ប្រទេសរបស់លោកស្រី និងប្រទេសចិនដើម្បីធ្វើការងាររួមគ្នាក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក ដូចជាបញ្ហាប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរជាដើម។
នៅក្នុងកិច្ចពិភាក្សារបស់លោកស្រីជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី និងមន្ត្រីដទៃទៀត អនុរដ្ឋមន្រ្តីរូបនេះក៏បានសម្តែងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះលក្ខខណ្ឌសិទ្ធិមនុស្សនៅក្នុងប្រទេសចិនផងដែរ។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកស្រី Sherman ទៅកាន់ប្រទេសចិន ភាគច្រើនគឺផ្តោតសំខាន់ទៅលើការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បាននិយាយអំពីដំណើរទស្សនកិច្ចរបស់លោកស្រីដែលបានបញ្ចប់កាលពីថ្ងៃច័ន្ទ (ម៉ោងនៅប្រទេសចិន) ថា «អនុរដ្ឋមន្រ្តីរូបនេះបានលើកឡើងអំពីការព្រួយបារម្ភជាឯកជន ដូចដែលយើងឃើញជាសាធារណៈហើយអំពីសកម្មភាពរបស់ PRC ជាច្រើនដែលប្រឆាំងនឹងគុណតម្លៃ និងផលប្រយោជន៍របស់យើង ព្រមទាំងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ហើយដែលធ្វើឱ្យខូចខាតដល់វិធានផ្អែកទៅលើច្បាប់អន្តរជាតិ»។
PRC តំណាងឱ្យសាធារណរដ្ឋប្រជាមានិតចិនដែលជាឈ្មោះផ្លូវការរបស់ប្រទេសចិន។
លោក Price បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដោយយោងទៅលើប្រទេសកូរ៉េខាងជើង ថា «ជាមួយគ្នានេះដែរ លោកស្រីអនុរដ្ឋមន្រ្តីរូបនេះបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍ជាសកល ដូចជាវិបត្តិអាកាសធាតុ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការរំសាយអាវុធនុយក្លេអ៊េរ និងការព្រួយបារម្ភក្នុងតំបន់ ដែលរួមមានបញ្ហារបស់កូរ៉េខាងជើង អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ាផងដែរ»។
អ្នកនាំពាក្យក្រសួងនេះបានកត់សម្គាល់ថា បញ្ហារបស់កូរ៉េខាងជើងពិតជានឹងស្ថិតនៅលើរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោកស្រី Sherman ទៅកាន់ប្រទេសចិន ស្របពេលដែលមានកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីនាំទីក្រុងព្យុងយ៉ាងត្រឡប់ទៅកាន់តុពិភាក្សាវិញ៕
ប្រភព៖ក្រសួងព័ត៌មាន