ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរកឃើញ និងបង្ក្រាបអំពើជួញដូរមនុស្ស អំពើអាជីវកម្មផ្លូវភេទសរុបបានចំនួន ១៩៨ករណី ដែលចំនួននេះបានកើនឡើងចំនួន១៣៥ករណី បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ថ្វីបើអំពើជួញដូរមនុស្សមានការកើនឡើងក្តី តែជាការកត់សម្គាល់របស់ក្រសួងមហាផ្ទៃថា បានបង្ក្រាបទាន់ពេលវេលា ដោយមានកិច្ចសហការពីពលរដ្ឋ និងអាជ្ញាធរ មន្រ្តីពាក់ព័ន្ធទាំងអស់នៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅតាមមូលដ្ឋាន។
តាមក្រសួងមហាផ្ទៃដដែល ការបំពេញភារកិច្ចក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាសម្រេចបាន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយក្នុងនោះ បានបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ និងបានបញ្ជូនទៅសាលាដំបូងចំនួនប្រមាណជិត ៣០០ករណី និងបានសង្គ្រោះជនរងគ្រោះបានចំនួនជាង ៧២០នាក់។ នេះបើតាមលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។
ជាការបញ្ជាក់បន្ថែមពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះថា មានកុមាររងគ្រោះអាយុក្រោម ៥ឆ្នាំចំនួន ៨៨នាក់ ជនរងគ្រោះអាយុពី១៥ឆ្នាំ ដល់១៧ឆ្នាំមានចំនួន ៦៣នាក់ និងអ្នករងគ្រោះដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួន ៥៧០នាក់។ ហើយជនរងគ្រោះទាំងនោះបានបញ្ចូន និងប្រគល់ទៅឱ្យបន្ទីរសង្គមកិច្ចចំនួន ២៥នាក់ និងគ្រួសាររបស់ពួកគេចំនួន ៦៩៦នាក់។
ជាមួយគ្នានេះ ក្រុមការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដដែល ក៏បានតាមដានលើករណីសង្ស័យមួយចំនួនទៀត ដែលកើតចេញពីការជួញដូរមនុស្សតាមការរៀបអាពាហ៍ពិពាហ៍ ចំនួន២១១គូ ដោយបានតាមដានពីស្ថានភាពការរស់នៅរបស់នារីខ្មែរជាមួយស្វាមីនៅក្រៅប្រទេស និង ផ្នែកផ្លូវច្បាប់នៃការរៀបអាពាហ៍ពិពាហ៍ទាំងនោះ ដើម្បីបង្ការ និងបង្រ្កាបការជួញដូរមនុស្សតាមគ្រប់រូបភាព។
គួររឭកជូនថា នៅក្នុងរយៈពេលមួយឆមាសនេះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានល្បាតឃ្លាំមើលគោលដៅសង្ស័យដែលមានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួនជាង១ពាន់លើក លើគោលដៅប្រមាណ៣១៨គោលដៅ ក្នុងនោះមានស្រ្តីជាង ១ពាន់នាក់។ ការធ្វើសកម្មភាពបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទតាមគោលដៅបម្រើសេវាកំសាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេ៕