កសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ កំពុងបំប៉នកូនបង្កងទឹកសាបប្រមាណ១លានកូន សម្រាប់លក់ឱ្យកសិករ

377

តាកែវ៖ កសិដ្ឋានវារីវប្បកម្មមួយកន្លែងនៅខេត្តតាកែវ កំពុងបំប៉នកូនបង្កងទឹកសាប ប្រមាណ ១លានកូន ដើម្បីលក់ផ្គត់ផ្គង់ទៅឱ្យកសិករជាអ្នកចិញ្ចឹមបង្កងសាច់ ដែលឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារ។

លោក ហង់ ហៀង ជាម្ចាស់កសិដ្ឋានវារីវប្បកម្មចិញ្ចឹមបង្កង ដែលមានទីតាំងនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាថា កសិដ្ឋានរបស់លោក បានបង្កើតឡើងតាំងពីឆ្នាំ២០០៧ មានផ្ទៃដីជិត៣ហិកតា ដែលផ្ដោតទៅលើការបង្កាត់ ភ្ញាស់ពូជត្រី កង្កែបជាដើម ហើយដែលធ្វើឱ្យជីវភាពរបស់លោកមានភាព ល្អប្រសើរ ។ លោកបានបន្ដថា នៅពេលថ្មីៗនេះ លោក បានធ្វើការបង្កាត់ ភ្ញាស់បង្កងទឹកសាប ហើយកំពុងតែផ្សាំ បំប៉នកូនបង្កង ទឹកសាប ដែលបានញាស់ ប្រមាណ១លានកូន ឱ្យទៅជាកូនបង្កងពូជសម្រាប់លក់ទៅឱ្យកសិករជាអ្នកចិញ្ចឹមបង្កងសាច់ ដោយលក់ចេញទៅតាមប្រភេទទំហំ ដោយក្នុង១ក្បាលតម្លៃចន្លោះពី២រយរៀលទៅ១ពាន់រៀល។ លោកក៏បានឱ្យដឹងទៀតថា ការផ្សាំកូនបង្កង មាន២ប្រភេទ គឺផ្សាំក្នុងស្រះ និងផ្សាំនៅក្នុងរូង ជាពិសេស ការផ្សាំកូនបង្កងនេះ ត្រូវការដូរទឹក ទើបបង្កងធំលឿន។

« ផ្សាំក្នុងស្រះក៏គេរៀបចំស្រះកុំឱ្យមានត្រីកាចឬក៏សត្វកាចដូចអន្ទង់កង្កែប។ ហើយគេផ្សាំគេធ្វើស្រះហើយរលីងហើយគេបាំងជុំវិញកុំឱ្យមានសត្វអីចូល។ ហើយអាចដាក់សំបុក ៥០ភាគរយ ហើយយើងមានប្រព័ន្ធទឹកវិល និងប្រើខ្យល់អុកស៊ីសែននៅក្នុងស្រះ ដើម្បីផ្សាំនេះគឺផ្សាំកូនពូជ។ ហើយបើផ្សាំដូចនេះរាល់ថ្ងៃគឺយើងផ្សាំនៅក្នុងរូងមួយដែលមានលក្ខណៈបិទជិត ហើយមានសីតុណ្ហភាពគ្រប់គ្រាន់កុំឱ្យអាម៉ូញាក់ឬគុណភាពទឹកថយចុះត្រូវតាមដានវាជារៀងរាល់ថ្ងៃដោយវាស់ និងដូរទឹកនេះជាការផ្សាំប្រភេទទី២។ហើយអ្នកខ្លះគេខ្ជិលផ្សាំដូចខ្ញុំចេញពីកូនពូជចេញពីក្នុងរូងទៅគេហៅថាឡាវី១៥ថ្ងៃ បានន័យថាបង្កងហែលក្រឡាប់គេរៀបចំស្រះហើយ គេយកទៅដាក់ចិញ្ចឹមតែម្ដង។ យើងគ្រាន់តែដឹងថាចិញ្ចឹមពួកអស់នេះបើបានផ្ទៃស្រះធំទូលាយល្អចាប់ពីកន្លះហិកតាឬក៏មួយហិកតាទៅឱ្យមានលំនឹងទាំងអុកស៊ីសែននិងគុណភាពទឹក គឺមួយហិកតាគឺល្អហើយគេប្រើមួយការ៉េ១០ក្បាលកូនបង្កងឬ១៥ក្បាល។ បើមានទឹកដូរទើបបង្កងធំលឿន កាលណាដូរទឹកវា សក ហើយបើវាអត់សកវាអត់ធំ និងពាក់ព័ន្ធបង្កងពិបាករឿងទឹក បើតំបន់ណាមានទឹកដូរគឺមិនអីទេ»។

សូមបញ្ជាក់ថា នៅខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមបង្កងជាច្រើនកន្លែង ហើយត្រូវបានគេចាត់ទុក ជាខេត្តមួយដែលល្បីលើបច្ចេកទេសចិញ្ចឹមបង្កងទឹកសាបមានរស់ជាតិឆ្ងាញ់ មិនចាញ់បង្កងធម្មជាតិឡើយ៕

ប្រភព៖ក្រសួងព័ត៌មាន