ក្នុងបរិបទកូវីដ-១៩នេះ ប្រជាពលរដ្ឋបានកែប្រែទម្លាប់រស់នៅតាមបែបគន្លងថ្មី

232

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានកែប្រែទម្លាប់រស់នៅតាមបែបគន្លងថ្មី ខណៈដែលសង្កេតឃើញថា តម្រូវការ ប្រើប្រាស់ម៉ាស់និងអាកុលមានការកើនឡើងគួរឱ្យកត់សម្គាល់ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព ។

កញ្ញា សុខ ណារ៉ា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានឱ្យដឹងថា បច្ចុប្បន្ននេះ ម៉ាស់និងអាល់កុលគឺជាសម្ភារដែលមិនអាចខ្វះបានសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយសារនៅពេលដែលធ្វើដំណើរចេញក្រៅផ្ទះឬទៅតាមទីកន្លែងផ្សេងៗ គឺត្រូវពាក់ម៉ាស់និងប្រើអាល់កុលសម្រាប់លាងសម្អាតដៃជាប់ជាប្រចាំ ដើម្បីការពារខ្លួនចៀសឆ្ងាយពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ។

លោកស្រី សារ ចាន់ទី ជាអាជីវករលក់ម៉ាស់នៅក្នុងខេត្តកំពង់ចាម បានឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩មក ឃើញថាប្រជាពលរដ្ឋជាច្រើនបានផ្តោតសំខាន់ ទៅលើការប្រើប្រាស់ម៉ាស់និងអាល់កុលជាប្រចាំ ដែលធ្វើឱ្យកំណើននៃការលក់ម៉ាស់និងអាល់កុលក៏មានការកើនឡើងផងដែរ ។

លោកស្រីបន្តថា ការប្រើប្រាស់ម៉ាស់នឹងអាល់កុលកើនឡើងនេះ បានសបញ្ជាក់ថា ប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់ខ្លួននិងអ្នកជុំវិញខ្លួន ។

« កាលពីមុនលក់ដាច់ណាស់តែលូវនេះមិនសូវទេ ព្រោះមានអ្នកលក់ច្រើន មានតាំងពីដាក់លក់តាមដងផ្លូវ តាមស្តុប ដឹកលក់តាមផ្លូវ ហើយមានម៉ាស់ច្រើនប្រភេទទៀតសម្រាប់ជ្រើសរើស ទោះបីជាមានអ្នកលក់ច្រើនយ៉ាងណាក៏ដោយ ក៏សប្បាយចិត្ត ព្រោះបង្ហាញថាប្រជាពលរដ្ឋយើងគាត់យកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងនិងអ្នកដទៃ ពិសេសបើយើងអនុវត្តបានខ្ជាប់ខ្ជួនបានគ្រប់គ្នានោះ យើងនឹងយកឈ្នះជំងឺកូវីដ១៩នេះបាន » ។

សូមបញ្ជាក់ថា សម្រាប់ការពាក់ម៉ាស់និងការប្រើប្រាស់អាល់កុល នេះ ក្រសួងសុខាភិបាលក៏ធ្លាប់បានណែនាំពីការប្រើប្រាស់ម៉ាស់ក៏ដូចជាអាល់កុលឱ្យបានត្រឹមត្រូវ ដែរ។សម្រាប់ការពាក់ម៉ាស់គឺត្រូវបិទឱ្យជិតទាំងច្រមុះនិងមាត់ មិនត្រូវប្រើប្រាស់តែមួយរយៈពេលពេញមួយថ្ងៃនោះទេ ។ ហើយម្យ៉ាងវិញទៀតសម្រាប់ការប្រើប្រាស់អាល់កុល គឺចាំបាច់សម្រាប់ការលាងសម្អាតដៃសម្លាប់មេរោគ ជាពិសេសនៅពេលដែលបានប៉ះពាល់វត្ថុសាធារណៈផ្សេងៗ ៕

ប្រភព៖ក្រសួងព័ត៌មាន