អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបានស្ថាបនាផ្លូវថ្មីតភ្ជាប់ទៅកាន់ភូមិវើនសៀនហើយ

222

ស្ទឹងត្រែង ៖អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង បានស្ថាបនាផ្លូវថ្មីឆ្ពោះទៅកាន់ភូមិវើនសៀនរួចហើយ នៅឆ្នាំ២០២១នេះ សម្រាប់ឱ្យប្រជាពលរដ្ឋ មកទទួលយកសេវាសាធារណៈបានឆាប់រហ័ស និងបានកាត់បន្ថយការប្រើប្រាស់ទូកជាមធ្យោបាយនាំឱ្យចំណាយថវិកាច្រើន។

ក្នុងឱកាសចុះពិនិត្យផ្លូវគ្រួសក្រហម ទៅកាន់ភូមិវើនសៀនកាលពីថ្មីៗនេះ លោកលី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានប្រវែង១៨ គីឡូម៉ែត្រតភ្ជាប់ពីភូមិអូរ ស្វាយ ទៅភូមិវើនសៀន ដែលកាលពីមុនតំបន់នេះមិនដែលមានផ្លូវទាល់តែសោះ ហើយប្រជាពលរដ្ឋចេញចូល ធ្វើចរាចរណ៍តាមផ្លូវទឹកដោយប្រើទូក ជាមធ្យោបាយតែ ប៉ុណ្ណោះ។

លោកបន្តថា មធ្យោបាយនេះ នៅខែវស្សាមានហានិភ័យខ្លាំង ទើបអាជ្ញាធរស្រុកស្នើសុំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទផ្តល់គម្រោងផ្លូវលំជនបទ និងបានសម្រេចសាងសង់បានផ្លូវថ្មីនេះ ដោះស្រាយជូន ប្រជាពលរដ្ឋបានទៅតាមសំណូមពរ។

លោកស្រី ស៊ី ចាន់ដន តំណាងឱ្យប្រជាពលរដ្ឋជិត១០០គ្រួសារនៅភូមិវើនសៀនបានសាទរពេលទទួលបានសមិទ្ធផលថ្មីនេះ ព្រោះប្រជាពលរដ្ឋរួចផុតពីភាពលំបាក ដោយមិនបាច់ធ្វើដំណើរតាមផ្លូវទឹកនាំឱ្យជួបហានិភ័យច្រើន ហើយត្រូវចំណាយពេលវេលាយូរ។

លោកស្រីបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋមានទូកគ្រាន់តែប្រើប្រាស់សម្រាប់តែធ្វើនេសាទតិចតួច និងដឹកសម្ភារម្តងម្កាលតែប៉ុណ្ណោះ ព្រោះខ្លាចដូចកាលពីឆ្នាំ២០១៧ កើតមានគ្រោះថ្នាក់លិចទូកបណ្តាលឱ្យស្លាប់មនុស្សរួចមកហើយ។

លោក រដ្ឋស៊ុន មេឃុំអូរស្វាយបានទទួលស្គាល់ថា ពេលមានផ្លូវនេះ ប្រជាពលរដ្ឋនឹងធូរស្រាលទាំងអស់គ្នា កូនចៅទៅរៀនក៏បានទាន់ពេលវេលា បងប្អូនទៅមណ្ឌលសុខភាព និងដឹកនាំកសិផលទៅទីផ្សារក៏បានឆាប់រហ័សផងដែរ។

សូមបញ្ជាក់ថា តាមអាជ្ញាធរស្រុកបុរីអូរស្វាយបានបង្ហាញថា ផ្លូវតាមជួរមាត់ទន្លេនេះ អាចតភ្ជាប់ទៅរហូតដល់ភូមិកោះកី ព្រោះគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ និងបន្តស្ថាបនាចំនួនជាង៤ គីឡូម៉ែត្រទៀតនៅឆ្នាំ២០២២ ៕

ប្រភព៖ក្រសួងព័ត៌មាន