សំណល់ប្លាស្ទិកប្រមាណជាង១០០០ការ៉ុងត្រូវបានប្រជាសហគមន៍មេជ្រៃប្រមូលទុកដាក់ក្នុងជង្រុក

256

សៀមរាប៖សំណល់ប្លាស្ទិកប្រមាណជាង១០០០ការ៉ុង ត្រូវបានប្រជាពលរដ្ឋនៅក្នុងសហគមន៍មេជ្រៃ ឃុំកែវពណ៌ស្រុកពួក ខេត្តសៀមរាបធ្វើយុទ្ធនាការប្រមូលពីបឹងទន្លេ សាប ដើម្បីកាត់បន្ថយការបំពុលប្រព័ន្ធជីវចម្រុះក្នុងបឹង ទន្លេសាបនិងបង្កហានិភ័យខ្ពស់ទាំងជីវិតមនុស្សសត្វ។

លោក ស៊ា សុផល ស្ថាបនិកគម្រោងប្លាស្ទិកបឹងទន្លេសាប និងជាប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានឱ្យដឹងថា បច្ចុប្បន្ននេះ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ មានការឆ្លងរីករាលដាលខ្លាំងក្នុងសហគមន៍ ដូច្នេះមិនអាចរៀបចំពិធីបុណ្យអបអររដូវទឹកបឹងទន្លេសាបឆ្នាំនេះបាននោះទេ ប៉ុន្តែមិនមានន័យថា សហគមន៍លិចទឹកក្នុងតំបន់ជុំវិញបឹងទន្លេសាប មិនអាចធ្វើការប្រមូលប្លាស្ទិក ក្នុងសហគមន៍ពួកគាត់បាននោះដែរ។ ជាក់ស្តែងពេលនេះ អ្នកភូមិនេសាទពាមតាអ៊ួរ ឃុំកែវពណ៌ ស្រុកពួក នៃសហគមន៍មេជ្រៃ ចំនួនជាង៣០០គ្រួសារ បានធ្វើការប្រមូលសំណល់ប្លាស្ទិក ហើយកំពុងធ្វើការងារនេះដោយខ្លួនឯង ដើម្បីប្រមូលប្លាស្ទិកក្នុងតំបន់ជុំវិញបឹងទន្លេសាប មុនពេលកម្រិតទឹកបឹងឡើងជាថ្មី លិចលង់សហគមន៍របស់ខ្លួន។

លោកបន្តថា សហគមន៍ នឹងប្រមូលសំណល់បាស្ទិក ដែលត្រូវបានទុកចោល និងសេសសល់ពេលទឹកស្រក ដើម្បីកុំឱ្យវាហូរចូលក្នុងបឹងវិញ ពីព្រោះថានៅពេលទឹកឡើងមក ប្រសិនបើយើងពុំប្រមូលនោះទេ វានឹងលិចយកសំណល់ប្លាស្ទិកទាំងនោះ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងបំពុលប្រព័ន្ធជីវចម្រុះក្នុងបឹងទន្លេសាប។

លោកបន្តទៀតថា នៅក្នុងយុទ្ធនាការប្រមូលសំរាមប្លាស្ទិកពីបឹងទន្លេសាបនេះ ប្រជាពលរដ្ឋជាង៣០០ គ្រួសារ នៅក្នុងឃុំកែវពណ៌ ពួកគាត់នឹងទទួលបានរង្វាន់លើកទឹកចិត្តជាអង្ករ ថវិកា គ្រឿងបរិភោគនានា អាល់កុល និងម៉ាស់ជាដើម។

លោកបានឱ្យដឹងទៀតថា តាំងពីថ្ងៃចាប់ផ្តើមយុទ្ធនាការប្រមូលច្រកសំណល់ប្លាស្ទិកនេះ ពីថ្ងៃទី១៥ ខែកក្កដា រហូតមកដល់ពេលនេះ ប្រមូលសំរាមប្លាស្ទិកនេះបានប្រមាណជាង១០០០ការ៉ុងរួចហើយ និងត្រូវការបន្តប្រមាណ៥០០ការ៉ុងទៀត ដែលយុទ្ធនាការនឹងបញ្ចប់ក្នុងថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១នេះ។

“ទឹកទន្លេឥឡូវកំពុងឡើងមកវិញហើយ ភ្លៀងមកវាហូរដល់ភូមិវិញហើយ អ៊ីចឹងខ្ញុំក៏ឱ្យពេលធ្វើយុទ្ធនាការ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃ ទី៣០ខែកក្កដា ខ្ញុំឱ្យប្រមូលឱ្យបាន២០០ការ៉ុងមិនមែនប្រមូលតាមផ្ទះគាត់ទេគឺសម្រាមនៅតាមច្រាំង ពេលទឹកស្រកទៅសម្រាមទន្លេសាបនៅសល់ ស្រកតែទឹកទេសំរាមមានហូរទៅឯណា វានៅតាមដើមឈើនៅតាមច្រាំង ខ្ញុំកំពុងឱ្យគាត់ប្រមូល ខ្ញុំឱ្យ១០០០ការ៉ុងទៅឥឡូវអស់ហើយ តែត្រូវការ ៥០០ការ៉ុងទៀត អ៊ីចឹងត្រូវការឱ្យគាត់ប្រមូលឱ្យបានមុនទឹកឡើង មកលិចលង់ភូមិហ្នឹង ហើយយើងក៏មានគម្រោងយកចេញពីជង្រុក មួយឆ្នាំយើងយកចេញម្តង យកសំរាមចាស់ យើងចាំមើលរដូវថ្មី ពីព្រោះទឹកលិចមក យើងមានសំរាមថ្មីហើយ ពេលភ្លៀងមានទឹកជំនន់មានហូរលើមក អ៊ីចឹងខ្ញុំគិតទៅសំរាមក៏បាន១០តោនដែរមួយយុទ្ធនាការហ្នឹង។

សូមជម្រាបផងដែរថា រយៈពេល៣ឆ្នាំមកហើយ ដែលអង្គការមូលនិធិទំពាំងស្នងឫស្សី តែងតែសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៅតំបន់បឹងទន្លេ សាប ធ្វើយុទ្ធនាការប្រមូលយកសំណល់ប្លាស្ទិកប្រចាំឆ្នាំនារដូវទឹកសម្រក និងរដូវទឹក ឡើងបឹងទន្លេសាប ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងចូលរួមអភិរក្សជីវចម្រុះបឹងទន្លេសាបរបស់យើងទាំងអស់គ្នា៕

ប្រភព៖ក្រសួងព័ត៌មាន