កុមារ១៩.៤០០នាក់នៅកោះកុង នឹងចាក់វ៉ាក់សាំងបង្កកូវីដនៅខែសីហា ខាងមុខ

240

កោះកុង៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបង្ហាញតួលេខកុមារដែលនឹងត្រូវចាក់វ៉ាក់សាំងបង្ការ​ការពារជំងឺកូវីដនៅថ្ងៃទី១ ខែសីហា ខាងមុខ គឺមានប្រមាណ១៩.៤០០នាក់ ដោយមណ្ឌលចាក់វ៉ាក់សាំងធ្វើឡើងនៅតាមក្រុងស្រុកទាំង៧របស់ខេត្តមួយនេះ។

យ៉ាងហោចណាស់ ខេត្តកោះកុង ក៏កុមារា និងកុមារី គ្រប់អាយុចាប់ពី១២ដល់១៧ឆ្នាំ ចំនួន១៩.៤០០នាក់ដែរ ដែលត្រៀមទទួលវ៉ាក់សាំងបង្កជំងឺកូវីដ១៩ពីរាជរដ្ឋាភិបាលកម្ពុជានៅដើមខែសីហា ឆ្នាំ២០២១។ លោកវេជ្ជបណ្ឌិតទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អះអាងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ថា ស្ថិតិកុមារដែលត្រូវចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដស្រង់សរុបរួចរាល់ហើយ ដោយមន្ទីរផែនការជាអ្នកផ្តល់តួលេខអោយ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានពន្យល់ក្រោយការទទួលសម្ភារៈវេជ្ជសាស្រ្តពីលោកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុនអលវ៉ាយភីគ្រុបថា ដំណើរការនៃការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តកោះកុង នឹងប្រព្រឹត្តទៅតាមកាលវិភាគកំណត់គណៈកម្មការក្រសួងសុខាភិបាលតាមបណ្តាក្រុងស្រុកចំនួន៧ទូទាំងខេត្ត។ មិនថាតែនៅដាច់ស្រយោល ឬដែនកោះនោះទេ គឺធ្វើយ៉ាងណាកុមារទាំងនោះធានាបានការទទួលវ៉ាក់សាំងគ្រប់គ្នា។

ជំនួសមុខដល់អាណាព្យាបាលកុមារក្នុងខេត្ត គឺលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក៏ សម្តែងនូវអំណគុណយ៉ាងខ្លាំងបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពរស់នៅកុមារ ដោយមិនទុកឱ្យកុមារ ឬប្រជាពលរដ្ឋណាស្លាប់ដោយគ្មានវ៉ាក់សាំងនោះទេ។

លោកជំទាវអភិបាលខេត្តកោះកុង ទទូចស្នើសុំដល់អាណាព្យាបាលទាំងអស់ត្រូវយកកូនទៅចាក់វ៉ាក់សាំង នេះឱ្យបានគ្រប់ៗគ្នា ព្រោះមានតែថ្នាំវ៉ាក់សាំងទេ ទើបជួយអាយុជីវិតបង្ការជំងឺមួយនេះយ៉ាងល្អប្រសើរ។ ដូច្នេះកុំមានការបារម្ភអំពីហានិភ័យនៃការចាក់វ៉ាក់សាំងឱ្យសោះ៕

ប្រភព៖ក្រសួងព័ត៌មាន