ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងផលិតរថយន្តអគ្គិសនីចំនួន ៦០០ ០០០គ្រឿងនៅត្រឹមឆ្នាំ២០៣០

507

ប្រទេសឥណ្ឌូណេស៊ីកំពុងស្វែងរកមធ្យោបាយដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី (EV) ដ៏ធំមួយនៅក្នុងតំបន់ ក្នុងគោលបំណងដើម្បីឈានដល់ការផលិតរថយន្តអគ្គិសនីឱ្យបានចំនួន ៦០០ ០០០គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២,៥លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ។

ប្រទេសនេះក៏កំពុងរៀបចំផែនការដ៏មានមហិច្ឆតាមួយដើម្បីក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃអាគុយលីចូម-អ៊ីយ៉ុងស្របតាមឧស្សាហកម្មរថយន្តអគ្គីសនីផងដែរ។

លោក Agus Gumiwang Kartasasmita រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មបាននិយាយថា អាគុយ គឺជាសមាសធាតុដែលមានតម្លៃបំផុតនៅខាងក្នុងរថយន្ត EV ហើយវាស្មើនឹង ៣៥ភាគរយនៃថ្លៃដើមផលិតកម្ម។

លោកបាននិយាយថា អត្ថប្រយោជន៍សំខាន់របស់ឥណ្ឌូណេស៊ីនៅក្នុងឧស្សាហកម្ម EV គឺអាគុយលីចូម-អ៊ីយ៉ុង ព្រោះប្រទេសនេះមានរ៉ែនីកែលធំជាងគេនៅលើពិភពលោក។

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញនូវអ្វីដែលគេហៅថា EV Roadmap ដែលរៀបរាប់លម្អិតអំពីការលើកទឹកចិត្តផ្សេងៗដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហកម្មដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ យោងតាមផែនទីបង្ហាញផ្លូវបានឱ្យដឹងថា ការលក់រថយន្ត EV ត្រូវបានរួចផុតពីពន្ធផ្នែកប្រណិតភាព និងពន្ធនាំចូល ខណៈដែលអ្នកប្រើប្រាស់ក៏ទទួលបានការបង់ការប្រាក់ទាបសម្រាប់ការបង់រំលួសផងដែរ។

លោក Agus បាននិយាយថា លើសពីនេះទៀត ម្ចាស់រថយន្ត EV មានសិទ្ធិធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអគ្គិសនីនៅក្នុងផ្ទះដោយមានការបញ្ចុះតម្លៃ៕

ប្រភព៖ក្រសួងព័ត៌មាន