រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចនៅក្នុងប្រទេសសិង្ហបុរី

213

យោងតាមសេចក្តីប្រកាសរួមមួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាមួយបានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd J. Austin បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកក្កដា និងបានជួបពិភាក្សាជាមួយសមភាគីសិង្ហបុរីរបស់លោក គឺលោក Ng Eng Hen ។

នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Austin នៅក្នុងប្រទេសសិង្ហបុរីក្នុងនាមជារដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ មន្ត្រីបានអះអាងសារជាថ្មីម្តងទៀតនូវទំនាក់ទំនងការពារជាតិទ្វេភាគីដែលមានជាយូរមកហើយរបស់ប្រទេសទាំងពីរ។

យោងតាមសេចក្តីថ្លែងការណ៍រួមនោះបានឱ្យដឹងថា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តដែលកិច្ចសហប្រតិបត្តិការយោធានៅតែបន្តរឹងមាំ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ពួកគេក៏បានផ្លាស់ប្តូរយោបល់គ្នា ស្តីពីការវិវឌ្ឍភូមិសាស្ត្រនយោបាយ និងបញ្ហាសន្តិសុខក្នុងតំបន់ ព្រមទាំងបានព្រមព្រៀងគ្នាទៅលើសារៈសំខាន់នៃការបន្តចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ផងដែរ។

ប្រទេសទាំងពីរបានទទួលស្គាល់នូវគន្លងវិជ្ជមាននៃទំនាក់ទំនងការពារជាតិទ្វេភាគី ដែលបានពង្រីកទៅជាវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ ដូចជាការការពារប្រព័ន្ធសាយប័រ ការផ្លាស់ប្តូរព័ត៌មានយុទ្ធសាស្រ្ត ជំនួយមនុស្សធម៌ និងការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយផងដែរ។

ពួកគេបានព្រមព្រៀងគ្នាបន្តស្វែងរកមធ្យោបាយដើម្បីពង្រីកតួនាទីនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងសិង្ហបុរី ក្នុងការរក្សាស្ថេរភាពក្នុងតំបន់ ដូចជាតាមរយៈការបង្កើនការផ្លាស់ប្តូរ និងឱកាសនៃការបណ្តុះបណ្តាលសម្រាប់មេដឹកនាំការពារជាតិវ័យក្មេងនៅក្នុងតំបន់។

លោក Austin ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ផងដែរកាលពីថ្ងៃទី២៧ ខែកក្កដា៕

ប្រភព៖ក្រសួងព័ត៌មាន