ម៉ាឡេស៊ីព្យាករការកើនឡើងដល់កម្រិតកំពូលនៃការឆ្លងជំងឺកូវីដ-១៩ នៅពាក់កណ្តាលខែកញ្ញា

275

មន្ដ្រីមួយរូបបាននិយាយថា ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើងដល់ចំនួន ១៦ ១១៧នាក់កាលពីថ្ងៃទី២៧ ខែកក្កដា ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតទី ២ ប៉ុន្តែជំងឺរាតត្បាតនៅក្នុងប្រទេសនេះនៅមិនទាន់កើនឡើងដល់កម្រិតកំពូលនៅឡើយទេរហូតដល់ពាក់កណ្តាលខែកញ្ញា។

ចំនួនអ្នកឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ គឺ ១៧ ០៤៥នាក់ដែលត្រូវបានគេរាយការណ៍កាលពីថ្ងៃទី២៥ ខែកក្កដា។

អគ្គនាយកសុខាភិបាល លោក Noor Hisham Abdullah បាននិយាយថា ការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាឡេស៊ីត្រូវបានគេព្យាករថា នឹងមានការកើនឡើងខ្ពស់នៅពាក់កណ្តាលខែកញ្ញា ដោយមានចំនួន ២៤ ០០០នាក់ក្នុងមួយថ្ងៃ។

លោកបានកត់សម្គាល់ថា យោងតាមការព្យាករដែលបង្ហាញដោយក្រសួងសុខាភិបាលនេះបានឱ្យដឹងថា អត្រាឆ្លង (RT) ត្រូវបានគេកំណត់ថា មានចំនួន ១,២ (មនុស្សម្នាក់អាចចម្លងវីរុសនេះដល់មនុស្ស ១,២នាក់ផ្សេងទៀត)។ លោកបាននិយាយបន្ថែមថា ចំនួនករណីឆ្លងនៅតែបន្តកើនឡើងជាមួយនឹងការរំពឹងទុកថា ការឆ្លងប្រចាំថ្ងៃនឹងមានចំនួនជាង ១៧ ០០០នាក់គិតត្រឹមពាក់កណ្តាលខែសីហា និងឈានដល់កម្រិតខ្ពស់បំផុតចំនួន ២៤ ០០០នាក់ក្នុងមួយថ្ងៃនៅក្នុងខែកញ្ញា ហើយបន្ទាប់មកនឹងមានការធ្លាក់ចុះក្រោម ១ ០០០នាក់គិតត្រឹមខែតុលា។

លោកបានពន្យល់ថា ប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺមាន ៧៥ភាគរយ ប្រសិនបើមានការចាក់វ៉ាក់សាំងដូសទីពីរបានចំនួន ១០០ ០០០ដូសក្នុងមួយថ្ងៃ។ ប្រសិទ្ធភាពនេះអាចឈានដល់ ៨០ភាគរយនៅត្រឹមខែតុលា ប្រសិនបើការចាក់វ៉ាក់សាំងដូសទីពីរបាន ១៥០ ០០០ដូសក្នុងមួយថ្ងៃ។

រហូតមកដល់ពេលនេះ ប្រជាជនម៉ាឡេស៊ីប្រមាណ ៨០ភាគរយបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសដើម្បីប្រឆាំងនឹងជំងឺនេះ៕

ប្រភព៖ក្រសួងព័ត៌មាន