កិច្ចពិភាក្សាគោលនយោបាយលើកកម្ពស់តួនាទីស្ត្រីអាស៊ានក្នុងវិស័យកសិកម្ម

324

កាលពីពេលថ្មីៗនេះ បណ្តាប្រទេសនៅអាស៊ានបានបើកកិច្ចពិភាក្សាគោលនយោបាយមួយ ស្តីពីការពង្រឹងភាពជាសហគ្រិនរបស់ស្ត្រីក្នុងវិស័យកសិកម្ម។

បណ្តាអ្នកតំណាងមកពីគណៈកម្មាធិការសម្របសម្រួលអាស៊ាន ស្តីពីសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យមអាស៊ាន (ACCMSME) គណៈកម្មាធិការអាស៊ានស្តីពីស្ត្រី (ACW) កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន (SOM-AMAF) និងបណ្តាញសហគ្រិនស្ត្រីអាស៊ាន បានជួបជុំគ្នាដើម្បីពិភាក្សាក្របខ័ណ្ឌយុទ្ធសាស្ត្រពហុវិស័យថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីផ្តល់អំណាចដល់កសិករជាស្ត្រីអាស៊ាន និងបង្ហាញនូវសក្តានុពលភាពជាសហគ្រិនរបស់ពួកគេនៅក្នុងវិស័យកសិកម្ម។

នៅក្នុងព្រឹត្តិការណ៍តាមប្រព័ន្ធអនឡាញនោះ គណៈកម្មាធិការ ACCMSME បានបង្ហាញរបាយការណ៍មួលដ្ឋានមួយ ស្តីពីការពង្រឹងសហគ្រិនភាពស្ត្រីនៅក្នុងវិស័យកសិកម្មនៅក្នុងបណ្តាប្រទេសអាស៊ាន ដោយមានជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) និងធាតុចូលពី ACW និង SOM-AMAF ។

របាយការណ៍នេះបានពិភាក្សាអំពីកត្តានានាដែលរារាំងដល់ចក្ខុវិស័យសេដ្ឋកិច្ចរបស់ស្ត្រីក្នុងវិស័យនេះដែលត្រូវបានពង្រីកដោយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ហើយស្នើឱ្យមានក្របខ័ណ្ឌគោលនយោបាយដើម្បីដោះស្រាយ។

វាផ្តោតសំខាន់ទៅលើវិស័យកសិកម្មដែលជាប្រភពការងារដ៏សំខាន់សម្រាប់ស្ត្រីអាស៊ាន។ ជាមធ្យម ២៦,៧ភាគរយនៃស្ត្រីធ្វើការទាំងអស់នៅក្នុងអាស៊ានត្រូវបានជួលឱ្យធ្វើការនៅក្នុងវិស័យនេះ។

លទ្ធផលនៃកិច្ចពិភាក្សាគោលនយោបាយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ចូលទៅក្នុងសំណុំនៃគោលការណ៍ណែនាំកម្រិតខ្ពស់សម្រាប់រដ្ឋាភិបាល និងអ្នកធ្វើគោលនយោបាយ ដើម្បីពង្រឹងកសិករ និងសហគ្រិនស្រ្តីទៅក្នុងវិស័យកសិកម្ម។

កិច្ចពិភាក្សានេះ គឺជាគំនិតផ្តួចផ្តើមមួយក្រោមផែនការសកម្មភាពអាស៊ានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០១៦ – ២០២៥ ដែលរៀបចំឡើងដោយកិច្ចសហការជាមួយ OECD និងគាំទ្រដោយរដ្ឋាភិបាលកាណាដាតាមរយៈគម្រោងកាណាដា-OECD សម្រាប់សហគ្រាសធុនតូច និងមធ្យមអាស៊ាន៕

ប្រភព៖ក្រសួងព័ត៌មាន