ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយអាស៊ាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងធ្វើឱ្យរបាំងពាណិជ្ជកម្មទាបជាងមុន ខណៈដែលប្រទេសនេះព្យាយាមធ្វើពិពិធកម្មផលប័ត្រពាណិជ្ជកម្មរបស់ខ្លួន និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបាននិយាយកាលពីថ្ងៃទី២៧ ខែកក្កដាថា មន្រ្តីមកពីភាគីទាំងពីរបានបើកកិច្ចប្រជុំនិម្មិតមួយដើម្បីពិភាក្សាអំពីវិធីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់ពួកគេ។
កូរ៉េខាងត្បូងដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៤ នៅអាស៊ី និងអាស៊ានបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួននៅក្នុងឆ្នាំ២០០៧ ។
បច្ចុប្បន្ននេះ អាស៊ានជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ២ របស់កូរ៉េខាងត្បូង ជាមួយនឹងប្រតិបត្តិការរបស់ពួកគេឈានដល់តម្លៃ ១៤៣,៨ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០២០ ដែលកើនឡើងទ្វេដងពីតម្លៃ ៦១,៨ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំ ២០០៦។
ការនាំចេញទៅអាស៊ានមានតម្លៃ ៨៩ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំមុន ពោលគឺកើនឡើងពីចំនួន ៣២,១ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំ ២០០៦ ។
កូរ៉េខាងត្បូង និងអាស៊ាន បានព្រមព្រៀងគ្នាដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្មឱ្យកាន់តែទាបបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៦ ប៉ុន្តែកិច្ចពិភាក្សាដែលពាក់ព័ន្ធត្រូវបានពន្យាពេលនៅពេលដែលពួកគេបានផ្តោតការយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។
កិច្ចព្រមព្រៀង RCEP មានការចូលរួមពីប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនដែលមានកូរ៉េខាងត្បូង ចិន ជប៉ុន អូស្រ្តាលី និងនូវែលហ្សេឡង់។ អ្នកចូលរួមទាំងអស់នាពេលបច្ចុប្បន្ននេះកំពុងរង់ចាំការចាប់ផ្តើមជាផ្លូវការនៃកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ មួយនេះ។ ប្រទេសហត្ថលេខីរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។
ការអនុវត្តចុងក្រោយបានកើតឡើងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បុងក្នុងការធ្វើពិពិធកម្មផលប័ត្រពាណិជ្ជកម្មរបស់ខ្លួន និងដោះស្រាយជាមួយនឹងការគាំពារនិយមដែលកំពុងកើនឡើងនៅជុំវិញពិភពលោក។
បច្ចុប្បន្ន ប្រទេសនេះពឹងផ្អែកទៅលើប្រទេសចិន និងសហរដ្ឋអាមេរិកប្រហែល ៤០ភាគរយនៃការនាំចេញរបស់ខ្លួន៕
ប្រភព៖ក្រសួងព័ត៌មាន