អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កំពុងអនុវត្តកិច្ចព្រមព្រៀងដែលពួកគេសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលមួយដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវកាលពីខែមិថុនា។
យោងតាមរូបលោកបានឱ្យដឹងថា សហរដ្ឋអាមេរិក និងរុស្ស៊ី នៅតែរក្សាទំនាក់ទំនងស្តីពីសន្តិសុខសាយប័រ និងស្ថេរភាពយុទ្ធសាស្ត្រ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយដោយអត្ថាធិប្បាយអំពីស្ថានភាពបច្ចុប្បន្នជុំវិញកិច្ចព្រមព្រៀងរវាងរុស្ស៊ី – សហរដ្ឋអាមេរិកថា «កិច្ចព្រមព្រៀងនេះកំពុងត្រូវបានអនុវត្តនៅក្នុងកម្រិតមួយចំនួន។ ដំណើរការកំពុងតែអនុវត្ត។ វាជាដំណើរការដ៏ស្មុគស្មាញមួយ ហើយវាលឿនពេកក្នុងការនិយាយអំពីការរំពឹងទុក។ អ្វីដែលសំខាន់នោះ គឺទំនាក់ទំនង។ អ្នកដឹងហើយថា វាជាបញ្ហាស្មុគស្មាញខ្លាំងណាស់»។
លោក Peskov បាននិយាយបន្ថែមទៀតថា «ទំនាក់ទំនងចំពោះសន្តិសុខសាយប័រ និងស្ថេរភាពយុទ្ធសាស្រ្តនៅតែបន្ត ហើយទាំងអស់នេះជាការរួមចំណែកដល់ការអនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចនៅក្នុងទីក្រុងហ្សឺណែវ»។
នៅថ្ងៃទី២៨ ខែកក្កដានេះ ទីក្រុងហ្សឺណែវនឹងធ្វើជាម្ចាស់ផ្ទះនៃការពិគ្រោះយោបល់ថ្មីមួយរវាងរុស្ស៊ី និងអាមេរិក ស្តីពីស្ថេរភាពយុទ្ធសាស្ត្រ។ គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេស លោក Sergei Ryabkov និងសហរដ្ឋអាមេរិកនឹងដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេស លោកស្រី Wendy Sherman ។ លោក Ryabkov បានប្រាប់សារព័ត៌មាន TASS នៅមុននេះថា ទីក្រុងមូស្គូគ្រោងនឹងពិភាក្សាយ៉ាងហ្មត់ចត់ទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃបញ្ហាស្ថេរភាពយុទ្ធសាស្ត្រ វាយតម្លៃអំពីហានិភ័យ និងបញ្ហាប្រឈមដែលអាចកើតមាន ក៏ដូចជាការបង្កើតក្របខ័ណ្ឌសម្រាប់សកម្មភាពរួមគ្នានាពេលអនាគតនៅក្នុងវិស័យនេះផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចូលរួមកិច្ចប្រជុំកំពូលមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី១៦ ខែមិថុនា។ វាជាជំនួបទល់មុខគ្នាជាលើកដំបូងរបស់ពួកគេក្នុងនាមជាប្រមុខរដ្ឋ និងជាជំនួបកំពូលរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ មក។ មេដឹកនាំទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ភាគីទាំងពីរគ្រោងនឹងបើកកិច្ចសន្ទនាដ៏ទូលំទូលាយមួយស្តីពីស្ថេរភាពយុទ្ធសាស្ត្រ។ ក្រៅពីនេះ រុស្ស៊ី និងសហរដ្ឋអាមេរិកក៏មានបំណងចាប់ផ្តើមកិច្ចពិគ្រោះយោបល់ស្តីពីសន្តិសុខសាយប័រ ការផ្លាស់ប្តូរអ្នកទោសគ្នា និងការគ្រប់គ្រងអាវុធផងដែរ៕
ប្រភព៖ក្រសួងព័ត៌មាន