ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារថា ការស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូង នឹងដើរតួនាទីវិជ្ជមានក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងភាគីទាំងពីរ បន្ទាប់ពីខ្សែទូរស័ព្ទបន្ទាន់នេះត្រូវបើកដំណើរការឡើងវិញក្រោយពីផ្អាកអស់រយៈពេល ១៣ខែ។
ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បាននិយាយថា «ឥឡូវនេះ ប្រជាជាតិកូរ៉េទាំងមូលចង់ឃើញទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងមានភាពល្អប្រសើរវិញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានបន្ទាប់ពីមានការថយចុះ និងជាប់គាំង» ដោយបានបញ្ជាក់ថា រាល់បណ្តាញទំនាក់ទំនងអន្តរកូរ៉េត្រូវបានស្តារឡើងវិញនៅម៉ោង ១០:០០ព្រឹក។
សារព័ត៌មាន KCNA បាននិយាយថា «មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បាន ព្រមព្រៀងគ្នាធ្វើឱ្យមានការបោះជំហានដ៏ធំមួយក្នុងការស្វែងរកការជឿទុកចិត្តគ្នាទៅវិញទៅមក និងជំរុញការផ្សះផ្សារឡើងវិញ ដោយការស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងអន្តរកូរ៉េតាមរយៈការផ្លាស់ប្តូរគ្នានូវលិខិតផ្ទាល់ខ្លួនជាច្រើន»។
ការស្តារឡើងវិញនេះនឹងមានឥទ្ធិពលវិជ្ជមានទៅលើការកែលំអ និងការអភិវឌ្ឍនៃទំនាក់ទំនង។
ការិយាល័យ Cheong Wa Dae ក៏បានប្រកាសផងដែរថា ភាគីទាំងពីរបានព្រមព្រៀងគ្នាបើកបណ្តាញទំនាក់ទំនងផ្ទាល់ឡើងវិញ ដោយនិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានផ្លាស់ប្តូរលិខិតផ្ទាល់ខ្លួនជាច្រើនលើកច្រើនសារចាប់តាំងពីខែមេសាមកសម្រាប់ការបន្តឡើងវិញនេះ។
ការស្តារឡើងវិញនេះត្រូវបានធ្វើឡើង បន្ទាប់ពីរយៈពេលប្រមាណ ១៣ខែដែលប្រទេសកូរ៉េខាងជើងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េកាលពីខែមិថុនាឆ្នាំមុន និងបានបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េដោយកំហឹងចំពោះការបញ្ជូនខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាងពីកូរ៉េខាងត្បូងចូលទៅកូរ៉េខាងជើង៕
ប្រភព៖ក្រសួងព័ត៌មាន