សហរដ្ឋអាមេរិកគាំទ្រចំពោះកិច្ចសន្ទនាអន្តរកូរ៉េ

234

មន្រ្តីជាន់ខ្ពស់នៃសេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកគាំទ្រចំពោះកិច្ចសន្ទនារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងដោយស្វាគមន៍ការបើកឡើងវិញនូវបណ្តាញទំនាក់ទំនងផ្ទាល់រវាងប្រទេសកូរ៉េទាំងពីរដែលបែកបាក់កន្លងមក។

លោក Kurt Campbell អ្នកសម្របសម្រួលគោលនយោបាយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចូលរួមកិច្ចប្រជុំអាហារពេលព្រឹកនៅទីក្រុងវ៉ាស៊ីនតោនដែលរៀបចំដោយមូលនិធិសម្ព័ន្ធមិត្តកូរ៉េ-សហរដ្ឋអាមេរិកថា «យើងគាំទ្រចំពោះកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងជាមួយប្រទេសកូរ៉េខាងជើង»។

សុន្ទរកថារបស់លោកធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបើកបណ្តាញទំនាក់ទំនងផ្ទាល់របស់ខ្លួនឡើងវិញ រួមទាំងបណ្តាញទូរស័ព្ទបន្ទាន់យោធាជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ (ម៉ោងនៅទីក្រុងសេអ៊ូល) បន្ទាប់ពីរយៈពេលប្រមាណ ១៣ខែដែលប្រទេសនេះបានកាត់ផ្តាច់បណ្តាញទាំងនេះជាឯកតោភាគីប្រឆាំងនឹងខិត្តប័ណ្ណឃោសនាប្រឆាំងទីក្រុងព្យុងយ៉ាងដែលបង្ហោះចេញពីកូរ៉េខាងត្បូង។

មានការជឿជាក់ជាច្រើនដែលថា ការបន្តកិច្ចសន្ទនាអន្តរកូរ៉េអាចជួយជំរុញដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាងបាននៅឆ្ងាយពីកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកចាប់តាំងពីដើមឆ្នាំ២០១៩ មក ហើយក៏នៅរក្សាការមិនឆ្លើយតបនឹងសំណើជាបន្តបន្ទាប់ដែលធ្វើឡើងដោយរដ្ឋបាលលោក ចូ បៃដិន ចាប់តាំងពីប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិករុបនេះចូលកាន់តំណែងកាលពីដើមឆ្នាំនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េដែលគ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង (KCNA) បាននិយាយថា ការបើកឡើងវិញនូវបណ្តាញទំនាក់ទំនងអន្តរកូរ៉េនឹងដើរតួនាទីវិជ្ជមានចំពោះកែលំអ និងការអភិវឌ្ឍនៃទំនាក់ទំនងអន្តរកូរ៉េ៕

ប្រភព៖ក្រសួងព័ត៌មាន