ខណៈមន្ទីរពេទ្យក្រុងបាងកក ផ្ទុកអ្នកជំងឺច្រើនលើសលុប ប្រទេសថៃសម្រេចបញ្ជូនអ្នកជម្ងឺ Covid-19 ទៅព្យាបាលតាមស្រុកកំណើតរបស់ពួកគេ

296

អាជ្ញាធរប្រទេសថៃបានចាប់ផ្តើមដឹកជញ្ជូនអ្នកជងឺកូវីដ១៩ ពីទីក្រុងបាងកកទៅព្យាបាលនៅស្រុកកំណើតរបស់ពួកគេ កាលពីថ្ងៃអង្គារ (២៧ កក្កដា) ដើម្បីកាត់បន្ថយបន្ទុកលើប្រព័ន្ធវេជ្ជសាស្ត្រដ៏ច្រើនលើសលប់របស់ក្រុងបាងកក។

រថភ្លើងដឹកអ្នកជម្ងឺ និងបុគ្គលិកពេទ្យជាង ១០០នាក់ នៅក្នុងនោះមានឧបករណ៍ការពារពេញលេញ បានចាកចេញពីទីក្រុងបាងកក ឆ្ពោះទៅភាគឥសាន ដោយនឹងទម្លាក់អ្នកជំងឺនៅតាមខេត្តចំនួនប្រាំពីរ ដែលជាកន្លែងដែលពួកគេនឹងត្រូវជួបជាមួយមន្ត្រីសុខាភិបាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

អាជ្ញាធរវេជ្ជសាស្ត្រក្នុងទីក្រុងបាងកកបានឲ្យដឹងថា គ្រែរបស់អ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋ គឺពេញទាំងអស់ហើយអ្នកជម្ងឺមួយចំនួនកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់។ ក្រុមមន្រ្តីបាននិយាយថា ពួកគេបានស្នើសុំពេទ្យយោធាដើម្បីជួយនៅតាមមន្ទីរពេទ្យស៊ីវិលផងដែរ។

លោក Anut Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ បានមានប្រសាសន៍ថា យើងនឹងបន្តសេវាកម្មនេះរហូត សម្រាប់អ្នកជម្ងឺកូវីដ១៩ ដែលមិនអាចទទួលបានការព្យាបាលនៅទីក្រុងបាងកក

លោកបន្ថែមថារថយន្ដក្រុង រថភ្លើង និងសូម្បីតែយន្ដហោះ អាចត្រូវបានដាក់ពង្រាយដើម្បីបញ្ជូនប្រជាជនត្រឡប់ទៅខេត្ដមួយចំនួន ដែលមិនសូវរងគ្រោះ។

ដំបូងឡើយប្រទេសថៃបានរក្សាករណីឆ្លងវីរុសនេះបានយ៉ាងល្អ ប៉ុន្តែត្រូវបានផ្ទុះឡើងយ៉ាងគំហុគក្នុងប៉ុន្មានខែថ្មីៗនេះ ។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីប្រាយុធចានអូចា កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងជុំវិញ កម្មវិធីវ៉ាក់សាំង និងការចាក់វ៉ាក់សាំងយឺតពេក នៅតាមតំបន់ដីសណ្តចំពេលមានរបាយការណ៍ថា មានមនុស្សស្លាប់នៅតាមដងផ្លូវ និងនៅតាមផ្ទះជាបន្តបន្ទាប់ នៅពេលពួកគេរង់ចាំការព្យាបាល។

បើគិតត្រឹមថ្ងៃទី២៧ កក្កដា ថៃមានអ្នកឆ្លងកូវីដ១៩ សរុបជិត ៥០ម៉ឺនករណី និងអ្នកស្លាប់ជាង ៤ពាន់នាក់ ត្រូវបានក្លាយជាកំណត់ត្រាថ្មីនៅក្នុងទីក្រុងបាងកក។

គ្រែមន្ទីរពេទ្យសម្រាប់អ្នកជំងឺ COVID-១៩ នៅក្នុងក្រុងគឺពេញអស់គ្មានសល់។ មន្ទីរពេទ្យកំពុងចាប់ផ្តើមជម្រុញឱ្យអ្នកជំងឺទៅព្យាបាលដាច់ឆ្ងាយពីផ្ទះ ឬនៅក្នុងមជ្ឈមណ្ឌលដាច់ស្រយាលពីសហគមន៍។

ដោយឡែក តាមទីវត្តអារាមមួយចំនួននៅក្នុងប្រទេសថៃ បានចាប់ផ្តើមយកធ្វើជាកន្លែងបូជាសពអ្នកជំងឺ ដោយឥតគិតថ្លៃ ខណៈចំនួនអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់។