មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងអំពាវនាវឱ្យប្រជានេសាទបញ្ឈប់នេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ

273

ស្ទឹងត្រែង៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងអំពាវនាវឱ្យប្រជានេសាទបញ្ឈប់ការនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទនេះ ដើម្បីទុកឱកាសឱ្យត្រីពងកូនបានល្អ ។

ក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសជលផលនៅរដូវបិទនេសាទថ្ងៃទី២៧កក្កដា នៅតាមអន្លង់អភិរក្សនៃដងទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង លោក ស្រីសមវិចិត្រ នាយខណ្ឌជលផលបានបញ្ជាក់ថា បងប្អូនអ្នកនេសាទទាំងអស់ ត្រូវគោរពច្បាប់ជលផល មិនត្រូវនាំគ្នាមកលួចនេសាទពេលយប់តាមអន្លង់អភិរក្សត្រីមេពូជបែបនេះទេ។

លោកបន្តថា លើកទី១មន្រ្តីយើងគ្រាន់តែដកហូតយកមង-ទូកមករក្សាទុក និងតម្រូវឱ្យធ្វើកិច្ចសន្យាអប់រំតែប៉ុណ្ណោះ តែលើកក្រោយនឹងឃាត់ខ្លួនអនុវត្តទៅតាមនីតិវិធីហើយ។

លោកសូមអំពាវនាវដល់ប្រជា អ្នកនេសាទទាំងអស់ត្រូវមានឆន្ទៈស្រឡាញ់ធនធានមច្ឆជាតិ មិនត្រូវនេសាទនៅរដូវបិទនេសាទនេះទេ ហើយចៀសវាងកុំប្រើប្រាស់ឧបករណ៍នេសាទណា ដែលច្បាប់ហាមឃាត់ទៅនេសាទតាមអន្លង់អភិរក្សពូជត្រី។

លោក វ៉ានសុខុម តំណាងឱ្យប្រជានេសាទនៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូកបានបញ្ជាក់ថា លោក យល់ព្រមនិងទទួលយកនូវការអប់រំនេះហើយនាំគ្នាបញ្ឈប់ការធ្វើនេសាទក្នុងរដូវបិទនេសាទដែលច្បាប់ជលផលហាមឃាត់។

សូមបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ មន្ត្រីខណ្ឌសហការជាមួយប្រជាសហគមន៍នេសាទធ្វើការដកហូតបានមងចំនួន២.១៥០ម៉ែត្រ ដកហូតទូកនិងម៉ាស៊ីន៥គ្រឿង អប់រំអ្នកនេសាទ៨០នាក់និងឱ្យធ្វើកិច្ចសន្យាចំនួន៥នាក់៕

ប្រភព៖ក្រសួងព័ត៌មាន