សហគមន៍កសិកម្មចំនួន៧៣បានទទួលថវិកាទ្រទ្រង់ពីអង្គការ ហេហ្វឺ

305

ភ្នំពេញ៖ អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានផ្ដល់ថវិកាចំនួន២៦ម៉ឺនដុល្លារ ដល់សហគមន៍កសិកម្ម ចំនួន៧៣សហគមន៍ក្នុងខេត្តចំនួន១១ ដែលជួបបញ្ហាខ្វះដើមទុនទ្រទ្រង់ក្នុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកស្ទួយវិស័យកសិកម្មកម្ពុជានិងដោះស្រាយជីវភាពប្រចាំថ្ងៃ ។

លោក ញ៉ែម សារ៉េត នាយកអង្គការហេហ្វឺអន្តរជាតិកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា អង្គការហេហ្វឺបានកំណត់អំពីតម្រូវការរបស់កសិករដោយបានរៀបចំគម្រោងកម្មវិធីផ្តល់ជំនួយឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារកសិករក្រីក្រជាសមាជិកសហគមន៍កសិកម្មដែលទទួលផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។ លោកបន្តថា ការជួយដល់សហគមន៍ក៏ដូចជាប្រជាកសិករនេះដែរ គឺគម្រោងកម្មវិធីយើងគាំទ្រនឹងបំពេញតម្រូវការរបស់គ្រួសារកសិករក្រីក្រ ជាពិសេសស្រ្តីនិងក្រុមផលិត គឺជាកសិករដែលបាននឹងកំពុងផលិតមាន់ស្រែនិងបន្លែសុវត្ថិភាព ។ បន្ថែមពីនោះទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជាពិសេសជាមួយក្រសួងកសិកម្មក្នុងការបន្ធូរបន្ថយ ទប់ស្កាត់និងជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ ដោយបានគាំទ្រដល់គ្រួសារកសិករប្រមាណជិត៣ម៉ឺន៥ពាន់គ្រួសារ និង ជាចំណែកមួយនៃការជំរុញ និងគាំទ្រដំណើរការនៃការផលិត ការកែច្នៃវេចខ្ចប់និងការផ្គត់ផ្គង់ក៏ដូចជាការដឹកជញ្ជូនផលិតផលកសិកម្ម ការផ្តត់ផ្គង់ស្បៀងអាហារ ក៏ដូចជាការបន្តនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារ។

« គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កសិករ យើងបានជួយដល់កសិករដែលរងផលប៉ះពាល់ ដោយបានបែងចែកនិងដាក់ចេញនូវលក្ខន្តិកៈ ដើម្បីកំណត់និងធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីកំណត់ថាតើ កសិករណានឹងទទួលបាននូវប្រាប់ឧបត្តម្ភជាសាច់ប្រាក់នេះ ។ នៅក្នុងនោះផលប្រយោជន៍ដែលទទួលបានពីគម្រោងហេហ្វឺនេះ យើងបានកំណត់និងរកឃើញគ្រួសារក្រីក្រកសិករចំនួន៤៧២៧គ្រួសារ ក្នុងចំណោមសហគមន៍កសិកម្មចំនួន៧៣ ដែលជាសមាជិករបស់សហគមន៍នៅក្នុង១១ខេត្តក្រុងដែលហេហ្វឺធ្វើការជាមួយ » ។

លោក ញ៉ែម សារ៉េត បានបញ្ជាក់ថា គ្រួសារនីមួយៗដែលនៅក្នុងចំណោមទំាង ៤៧២៧គ្រួសារ នេះ ពួកគាត់នឹងទទួលជាសាច់ប្រាក់ ឧបត្ថម្ភក្នុងមួយគ្រួសារចំនួន៥៥ដុល្លារ ដោយក្នុង៥៥ដុល្លារនេះគឺចែកចេញជា២ ទី១ប្រាក់ឧបត្ថម្ភជូនទៅគ្រួសារមួយចំនួន៨០ភាគរយនៃ៥៥ដុល្លារ ហើយនៅសល់២០ភាគរយទៀតថវិកានោះនឹងតម្តល់នៅក្នុងសហគមន៍កសិកម្មរបស់ពួកគាត់ ដើម្បីទុកជាទុនក្នុងការពង្រីកអាជីវកម្មនៅពេលខាងមុខ អាចអាស្រ័យផល ឬស្នើសុំពីប្រធានសហគមន៍ ដើម្បីយកទៅប្រើប្រាស់បំពេញតម្រូវការនាពេលដែលជួបការលំបាកនិងអាចយកទៅពង្រីក អាជីវកម្មចិញ្ចឹមមាន់ ដាំបន្លែ និងអាជីវកម្មផ្សេងទៀតដែលទាក់ទងនឹងវិស័យកសិកម្ម ។

លោក ឆួន ប៊ុនឈង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម សាលាវិស័យ ខេត្តកំពង់ធំ បានឱ្យដឹងដែរថា ការផ្តល់ជូននេះទោះបីតិចតួចក៏ពិតមែន ប៉ុន្តែវាបានដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់សមាជិកសហគមន៍ បានមួយកម្រិតផងដែរ ។ លោកបានបន្តទៀតថា ថវិកាមួយផ្នែកខ្លះ បានផ្តល់ដល់សមាជិកដែលជាក្រុមផលិតមាន់ដែលគាត់អាចពង្រីកទ្រុងមាន់ឬទិញកូនមាន់បន្ថែម ។

«ពាក់ព័ន្ធនឹងមូលនិធិគម្រោងរបស់អង្គការហេហ្វឺដែលកាត់តាមរយៈ AFD ហើយអនុវត្តដោយសហគមន៍កសិកម្ម ខ្ញុំគិតថាការផ្តល់ជូននេះ ទោះបីតិចតួចវាក៏ជាផ្នែកមួយអាចបន្ធូរជីវភាពរស់នៅប្រចាំថ្ងៃរបស់សមាជិកក៏ដូចក្រុមសន្សំប្រាក់គោលដៅរបស់សហគមន៍ដែលគាត់រងផលប៉ះពាល់ពីកូវីដ១៩ »។

គួរជម្រាបថា គម្រោងកម្មវិធីផ្តល់ជំនួយនេះបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី ០៥ ខែកក្កដា ដោយបានកំណត់គោលដៅនៅខេត្តចំនួន១១ រួមមាននៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពត កំពង់ធំ តាកែវ បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ស្វាយរៀង និងខេត្តសៀម រាប ខណៈដែលខេត្តទាំងអស់នេះមានសក្តានុពលនៅក្នុងការផលិត ផលិតផលកសិកម្ម៕

ប្រភព៖ក្រសួងព័ត៌មាន