ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានណែនាំឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសវៀតណាមឱ្យត្រៀមរៀបចំបែបបទ នីតិវិធី និងកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ជនបរទេសដែលកំពុងរស់នៅ ប្រកបរបរ អាជីវកម្ម វិនិយោគ និងទេសចរណ៍ ជាដើម នៅទីក្រុងហូជីមិញ ។
យោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ធុរជន វិនិយោគិន ពាណិជ្ជករ អាជីវករនិងនិស្សិតកម្ពុជាទាំងអស់ ដែល មានវត្តមាននៅទីក្រុងហូជីមិញ មន្ទីរការបរទេសទីក្រុងហូជីមិញបានជូនព័ត៌មានអំពីការត្រៀមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងរៀបចំបែបបទ នីតិវិធី និងកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនជនបរទេសដែលកំពុងរស់នៅ ប្រកបរបរអាជីវកម្ម វិនិយោគ និងទេសចរណ៍ ជាដើម នៅទីក្រុងហូជីមិញ នាពេលខាងមុខដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងការឆ្លងជំងឺកូវីដ១៩។
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ បន្តថា បងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅទីក្រុងហូជីមិញត្រូវចុះឈ្មោះបំពេញព័ត៌មានពាក់ព័ន្ធឱ្យបានឆាប់តាមរយៈស្ថេន QR Code ខាងក្រោម ឬ អាសយដ្ឋាន/Link ដូចមានជូនភ្ជាប់ ដែលកាលបរិច្ឆទផុតកំណត់ត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧៖០០នាទីល្ងាច ដើម្បីស្ថានអគ្គកុងស៊ុលធ្វើការសរុប បញ្ជីឈ្មោះ និងបញ្ជូនទៅមន្ទីរការបរទេសទីក្រុងហូជីមិញមានវិធានការបន្ត។
ស្ថានអគ្គកុងស៊ុល បញ្ជាក់ថា សម្រាប់និស្សិតកម្ពុជានៅទីក្រុងហូជីមិញ ដែលបានផ្តល់ឈ្មោះតាមរយៈប្រធានតំណាងរបស់ខ្លួនជូនសមាគមនិស្សិតកម្ពុជា ប្រចាំទីក្រុងហូជីមិញរួចហើយ គឺពុំចាំបាច់ចុះឈ្មោះតាម QR Code ខាងលើទៀតទេ។ សម្រាប់សិក្ខាកាមនគរបាលជាតិ និងសិក្ខាកាមយោធាកម្ពុជា នៅទីក្រុងហូជីមិញ ការចាក់វ៉ាក់សាំងគឺអនុវត្តទៅតាមការរៀបចំរបស់គណៈគ្រប់គ្រងសាលានីមួយៗ។
ស្ថានអគ្គកុងស៊ុលសូមរំលឹកបងប្អូនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬទឹកលាងដៃកំចាត់មេរោគឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព (២ម៉ែត្រ) ចេញក្រៅផ្ទះលុះត្រាតែចាំបាច់បំផុត និងត្រូវអនុវត្តរាល់វិធានការសុខាភិបាល និងសារាចរណែនាំលេខ១៦ ស្តីពីការផ្អាករាល់សកម្មភាពនានា (បិទខ្ទប់ក្រុង) ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្លួន និងមានប្រសិទ្ធភាពបំផុត ៕
ប្រភព៖ក្រសួងព័ត៌មាន