ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ឬ​សង្ក្រាន្ត នៅ​ប្រទេស​ថៃ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ ដល់ទី​១៥ ខែមេសា ជា​រៀងរាល់ឆ្នាំ​។ សម្រាប់​ឆ្នាំនេះ វា ចាប់ផ្ដើម​ពីថ្ងៃ​ចន្ទ​រហូតដល់​ថ្ងៃ​ពុធ​។ នៅពេល​គិត​យក​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ផង​នោះ ថ្ងៃ​ឈប់សម្រាក​នេះ គឺមាន​រយៈពេល ៥​ថ្ងៃ​។
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​លើកឡើងថា ថ្ងៃ​ឈប់សម្រាក​រយៈពេល​៩​ថ្ងៃ សម្រាប់​ការអបអរ​ចូលឆ្នាំថ្មី​ថៃ គឺ​ស្ថិតក្រោម​ការពិចារណា​។ ក៏ប៉ុន្តែ លោក ពុំបាន​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​ក្នុងការ​សម្រេចចិត្ត​ចុងក្រោយ​នៅឡើយ​ទេ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ការសម្រេចចិត្ត​ចុងក្រោយ ពុំទាន់​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​»​។ ទន្ទឹមនេះ លោក ប្រា​យុទ្ធ បញ្ជាក់ថា ថ្ងៃ​ឈប់សម្រាក​វែង​បែបនេះ នឹង​ជួយ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​។
​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Somkid Jatusripitak គឺជា​អ្នក​ផ្តួចផ្ដើម​គំនិត​ពង្រីក​ថ្ងៃ​សម្រាក​អំឡុង​បុណ្យ​សង្ក្រាន្ត​នេះ​សម្រាប់​ឆ្នាំ​២០២០​នេះ ដើម្បី​យក​ទាំង​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ផងដែរ​។ ដូច្នេះ ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​ថ្ងៃ ឡើងដល់ ៩ ថ្ងៃ​ពេញ ដោយ​ផ្តើម​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៩ ខែមេសា​។
​ទាក់ទិន​នឹង​រឿងនេះ លោក Somkid អះអាងថា ពេល​ឈប់សម្រាក​ដ៏​វែង​បែបនេះ នឹង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ថៃ​កាន់តែច្រើន​ធ្វើដំណើរ​កម្សាន្ត និង​ចំណាយលុយ ដើម្បី​ផ្ដល់​សន្ទុះ​ដល់​វិស័យ​ទេសចរណ៍​ថៃ ក្រោយ​ការដាំ​ក្បាល​ចុះ​យ៉ាងគំហុក​នៃ​តួលេខ​អ្នក​ទេសចរណ៍​មកពី​ចិន​។
​បើតាម​ផែនការ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ការដាក់បញ្ចូល​បន្ថែម​ថ្ងៃ​ឈប់សម្រាក​២​ថ្ងៃ​ទៀត​នេះ ពុំមែន​ធ្វើឡើង​ដោយ​ទទេ​នោះឡើយ​។ ថ្ងៃ​ឈប់​សាធារណៈ ២ ថ្ងៃ ក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំ​២០២០​នេះ ប្រហែល​ត្រូវ​កាត់​ដើម្បី​សង​ជំនួស​វិញ ប្រសិនបើ​ផែនការ​ត្រូវបាន​អនុម័ត​។
​សូមបញ្ជាក់ថា ការ​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម COVID-19  ដែល​ផ្ដើម​ផ្ទុះឡើង​ក្នុងប្រទេស​ចិន កាលពី​ខែធ្នូ ឆ្នាំ​២០១៩ កំពុង​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍​ថៃ ខណៈ​មនុស្ស​នាំគ្នា​លែង​ធ្វើដំណើរ​នៅ​ជុំវិញ​ពិភពលោក​។ ចិន បានដាក់​បម្រាម​លើ​ក្រុម​អ្នកទេសចរ​ដើរលេង​ក្រៅប្រទេស​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​នេះ ហើយ​ប្រជាជន​ចិន គឺជា​ក្រុម​ភ្ញៀវទេសចរ​ធំ​បំផុត​របស់​ប្រទេស​ថៃ​។ វិស័យ​ទេសចរណ៍ គ្របដណ្ដប់ ២០ ភាគរយ​នៃ​ចំណូល​ជាតិ​សរុប​ប្រចាំឆ្នាំ (GDP) ថៃ ហើយ​បង្កើត​ការងារ ២​លាន​កន្លែង​។