ភ្នំពេញ: បុរសម្នាក់បានបែកខ្លួនជាពីរកំណាត់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងវ៉ាជែងមិនប្រយ័ត្នប៉ះត្រូវរថយន្តដឹកដីកិនស្លាប់ កាលពីវេលាម៉ោង ៨ និង ៣៧នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៦០ម៉ែ ដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ បញ្ញារិទ្ធ ហៅពៅអាយុ ៣២ ឆ្នាំ ថ្នាក់នៅព្រែកហូរ ជាបុគ្គលិកតុលាសុភមង្គលផ្គត់ផ្គង់អាហារគ្រប់ទីកន្លែង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តដឹកដីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3F-7419ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងឌ្រីមសង់ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1V-6271ធ្វើដំណើរមកពីក្រោយស្របទិសគ្នាបានវ៉ាជែងមិនប្រយ័ត្នបណ្ដាលឱ្យប៉ះដៃចង្កូតដួលខ្ទាតចូលកង់រថយន្តខាងក្រោយខាងស្ដាំកិនបែកខ្លួនជាពីរកំណាត់ធ្លាយពោះវៀនចេញក្រៅស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុភ្លាមៗចំណែកតៃកុងរថយន្តឃើញសភាពមិនស្រួលទុករថយន្តចោលរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
រាយការណ៍ដោយ-P.23