នារីវ័យក្មេងម្នាក់ មកអង្គុយយំលើស្ពាន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

332

ភ្នំពេញ: នៅ យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ករណីនារីវ័យក្មេងម្នាក់ មានរឿងរ៉ាវលាក់ទុកក្នុងចិត្ត ដោះស្រាយមិនចេញ ក៏សម្រេចចិត្តហៅម៉ូតូកង់បីជិះចេញពីបន្ទប់ជួលរបស់ខ្លួនស្នាក់នៅ មកឈប់លើស្ពានជ្រោយចង្វា ត្រូវម្ចាស់ម៉ូតូកង់បីមានការសង្ស័យ ខ្លាចនាងគិតខ្លីមក លោត ទឹកសម្លាប់ខ្លួន ក៏ប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុច លើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគឺនារីនោះបាន ហៅម៉ូតូកង់បីរបស់គាត់ ជិះចេញពីម្តុំផ្លូវវេងស្រេង មកស្ពាន ជ្រោយចង្វា ។ ខណ:ដែលជិះមកដល់ត្រង់ចំណុចកើតហេតុ ឡើងដល់ពាក់ កណ្ដាលស្ពាន នារីខាងលើបានឲ្យគាត់ឈប់ម៉ូតូ ដោយឃើញមានអាការប្លែក គាត់ក៏មិនហ៊ានឈប់ម៉ូតូនោះទេ ហើយខណ:ពេល នោះស្រាប់តែនាងបានលោតចុះពីលើម៉ូតុកង់បី ឃើញដូច្នោះគាត់ ក៏ជិះសំដៅមករកសមត្ថកិច្ច ដែលប្រចាំការនៅ គោលដៅស្ពាន ជ្រោយចង្វា ត្រង់រង្វង់មូលព្រហ្មមុខបួន ឲ្យជួយមើលខ្លាចនាងលោតទឹកសម្លាប់ខ្លួន ។

ប្រភពព័ត៌មាននារីខាងលើ បានឲ្យដឹងថា រូបនាងមានឈ្មោះ ស្រី ម៉ាច មានអាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅបន្ទប់ជួលម្តុំលូប្រាំ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មូលហេតុដែលនាងមកលើ ស្ពានជ្រោយចង្វាចាស់នេះ គឺនាងគ្មានបំណងគិតខ្លីចង់លោតទឹកសម្លាប់ខ្លួននោះទេ នាងឡើងមកគ្រាន់តែចង់លំហែខួរក្បាល តែប៉ុណ្ណោះ កុំឲ្យគិតច្រើនពេកព្រោះសព្វថ្ងៃនេះ នាងមានរឿងរ៉ាវស្មុគស្មាញច្រើន ដោះស្រាយមិនចេញ ព្រោះជារឿងផ្ទាល់ខ្លួន ដែលនាងមិនអាចនិយាយប្រាប់បាន និងរឿងគ្រួសារដែលជំពាក់បំណុលគេច្រើន ហើយសព្វថ្ងៃនាងរកលុយមិនសូវបាន និងមិនអាចជួយគ្រួសារបាន ទើបធ្វើឲ្យនាងធុញគំនិតគិតអ្វីមិនចេញ ក៏សម្រេចចិត្តមកលើស្ពានជ្រោយចង្វាចាស់នេះ ដើម្បីរំសាយភាពសោកសៅតែប៉ុណ្ណោះ  ៕

រាយការណ៍ដោយ៖ ជា សុខគៀរ