កោះមួយចំនួនក្នុងដែនសមុទ្រនៃខេត្តកែប នឹងមានការអភិវឌ្ឍនាពេលអនាគត

328

លោក វ៉ៅ សុខា អភិបាលរងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា ថ្វីត្បិតប្រជុំកោះនីមួយៗក្នុងលម្ហសមុទ្រនៃខេត្តកែប មានសភាពស្ងប់ ស្ងាត់ ប៉ុន្តែនៅតាមបណ្តាកោះមួយចំនួន ក៏មានប្រជាពលរដ្ឋរស់នៅ ដែលភាគច្រើនប្រក បរបរនេសាទ ហើយក្នុងចំណោមកោះទាំងនោះ នឹងមានការអភិវឌ្ឍនាពេលខាងមុខ នេះផងដែរ។

លោក វ៉ៅ សុខា បានបញ្ជាក់ថា ប្រជុំកោះមួយចំនួនក្នុងដែនសមុទ្រខេត្តកែប កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនមកសិក្សាគម្រោង ដើម្បីធ្វើការអភិវឌ្ឍនៅលើដែនកោះ ប៉ុន្តែក្រុមហ៊ុនទាំងនោះក៏មិនទាន់បានកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៅឡើយទេ។លោកបន្តថា ទោះជាបែបណា ក្នុងពេលបច្ចុប្បន្ននៅតាមបណ្តាកោះខ្លះក៏មានពលរដ្ឋរស់នៅ ដែលភាគច្រើនប្រកបមុខរបរនេសាទក្នុងសមុទ្រ។

ដោយឡែក លោក ចក់ ស៊ីនាថ នាយផ្នែកជលផលដំណាក់ស្តេច ខណ្ឌរដ្ឋបាលជល ផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងដែរថា ក្នុងដែន សមុទ្រខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រាសទឹក១ រួមមាន៖ ១-កោះទន្សាយ, ២-កោះត្បាល់, ៣-កោះស្វាយ, ៤-កោះពោធិ៍, ៥-កោះម៉ាក់ប្រាង, ៦-កោះអាចម៌សេះ, ៧-កោះអង្រ្កង់, ៨-កោះស្វាយព្រៃ, ៩-កោះហាលត្រី, ១០-កោះការ៉ាង, ១១-កោះកុក, ១២-កោះម្ទេស និងទី១៣-គឺថ្មប៉ប្រាសទឹក ហើយក្នុងចំណោមកោះទាំងអស់ ក៏មានកោះមួយចំនួន មានប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក និងមានប្រជាពលរដ្ឋរស់នៅដែលភាគច្រើន ប្រកបមុខរបរនេសាទ ដូចជាកោះទន្សាយ កោះស្វាយ កោះពោធិ៍ កោះអាចម៌សេះ និងកោះការ៉ាងជាដើម ក្រៅពីនោះកោះខ្លះត្រូវបានអភិរក្ស និងកោះមួយចំនួនក៏មានក្រុមហ៊ុន កំពុងសិក្សាគម្រោងដើម្បីធ្វើការអភិវឌ្ឍផងដែរ៕

ប្រភព៖ក្រសួងព័ត៌មាន