ទោះបីក្នុងបរិបទកូវីដ-១៩ក្តី វឌ្ឍនភាពនៃការកសាងព្រលានយន្តហោះថ្មីទាំង៣កន្លែង នៅតែដំណើរ

309

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់អាកាស ចរណ៍ស៊ីវិលកម្ពុជាបញ្ជាក់ថា ទោះបីក្នុងបរិបទកូវីដ-១៩ក្តីវឌ្ឍនភាពនៃការកសាងព្រលានយន្តហោះថ្មីទាំង៣កន្លែងកំពុងដំណើរការជាជំហានៗដដែលដើម្បីផ្តល់ភាពងាយ ស្រួលក្នុងការធ្វើដំណើរនិងទទួលបានអ្នកដំណើរតាមផ្លូវ អាកាសកាន់តែច្រើន នាពេលខាងមុននេះ ។

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះស្ថានភាពការសាងសង់នៅព្រលានយន្តហោះអន្តរ ជាតិទាំងបីកន្លែង ដូចជាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី និងព្រលានយន្តហោះតារាសាគរខេត្តកោះកុង នៅតែដំណើរ ការសាងសង់ តាមផែនការដែលបានគ្រោងទុក ទោះបីស្ថិតក្នុងការរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ដោយ ។ ឯកឧត្តមបានឱ្យដឹងទៀតថា ការកសាងព្រលានយន្តហោះទាំងបីកន្លែងនេះ ក្នុងដំណាក់កាលដំបូងគឺជាព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលអាចទទួលប្រភេទយន្ត ហោះ អែលវើស ៣៤០ យន្តហោះអែលវើស៣៥០ និងប្រភេទយន្តហោះ ប៊ូអ៊ីង ៤០០. ប្រភេទយន្តហោះប៊ូអ៊ីង៧៤៧ .ប្រភេទយន្តហោះប៊ូអ៊ីង ៧៧៧ ដែលអាចទទួលអ្នកដំណើរបានយ៉ាងច្រើន។

ឯកឧត្តមបញ្ជាក់ថា ក្រោយពីអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិទំាងនេះបានរួចរាល់នឹងធ្វើឱ្យកម្ពុជាមានលទ្ធភាពហោះហើរ ទៅដល់ប្រទេសអ៊ឺរ៉ុបមួយចំនួនដូចជាប្រទេសបារាំងជាដើម ។

«រហូតមកដល់ពេល នេះ ការសាងសង់អភិវឌ្ឍន៍អាកាសយានដ្ឋានភ្នំពេញថ្មី សម្រេចប្រមាណជា១៨ភាគ រយ អាចបញ្ចាប់ដើមឆ្នាំ ២០២៣ដាក់ឱ្យដំណើរការពេញនៅពាក់កណ្តាល ឆ្នាំ ២០២៣។ រីឯការអភិវឌ្ឍអាកាសយានដ្ឋានខេត្ត សៀមរាបថ្មី មកដល់ពេលនេះសម្រេចបានជាង៤៣ភាគរយ ហើយគម្រោងនេះបញ្ចប់នៅខែកញ្ញាឆ្នាំ២០២២ និងដាក់ដំណើរការនៅខែមីនាឆ្នាំ ២០២៣។

ការអភិវឌ្ឍអាកាសយានដ្ឋានតារាសាគរនៅខេត្តកោះ កុងការសន្និដ្ឋានសរុបសម្រេចបាន៩១.៥ភាគរយស្ទើរតែគ្រប់ទៅហើយ ប៉ុន្តែដោយសារនៅបំពាក់ឧបករណ៍មួយចំនួន ដោយសម្ភារទាំងនោះ និងការធ្វើដំណើរចេញចូល របស់អ្នក ជំនាញការ»។

សូមបញ្ជាក់ថា អាកាសយានដ្ឋានភ្នំពេញថ្មី គ្រោងចំណាយថវិកាប្រមាណ១៥០០លានដុល្លារអាមេរិក ។ អាកាសយានដ្ឋានសៀមរាបអង្គរថ្មីគ្រោងចំណាយថវិកាជាង៨០០លាន ដុល្លារអាមេរិក និងអាកាសយានដ្ឋានតារាសាគរនៅខេត្តកោះ កុង គ្រោងចំណាយថវិកាជាង២០០លានដុល្លារអាមេរិក៕

ប្រភព៖ក្រសួងព័ត៌មាន