សៀមរាប៖ អាជ្ញាធរខេត្ត សៀមរាប ប្តេជ្ញាអនុវត្តឱ្យម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ប្រភេទថ្មីចូលទៅក្នុងសហគមន៍ ក្រោយពេលរកឃើញវីរុសប្រភេទថ្មីដែលតា នៅក្នុងមូលដ្ឋានខ្លួន តាមរយៈការដាក់ចេញនូវវិធានការបិទខ្ទប់ និងបែងចែកជាតំបន់ក្រហម និងតំបន់លឿងទុំ និងការ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីកាត់ផ្តាច់ឫសគល់នៃជំងឺនេះចូលទៅក្នុងសហគមន៍។
លោកនាក់ ណេរ៉ុន អភិបាល រងខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះថា អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋា ភិបាល ស្តីពីការបិទខ្ទប់បណ្តាខេត្តមួយចំនួន ដើម្បីកាត់ បន្ថយការចម្លងជំងឺកូវីដ១៩ ប្រភេទថ្មី ចូលទៅក្នុងសហ គមន៍ អាជ្ញាធរខេត្តសៀមរាប បានធ្វើការអនុវត្តយ៉ាងម៉ឺង ម៉ាត់ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងនោះមានទាំងការបែងចែកភូមិសាស្ត្រមួយចំនួនជាតំបន់ក្រហម និងតំបន់លឿងទុំ។
លោកបន្តថា ក្នុងរយៈពេលនៃការបិទខ្ទប់១៤ថ្ងៃនេះអាជ្ញា ធរខេត្តនិងចាត់វិធានការស្រាវ ជ្រាវរកអ្នកដែលទើបត្រឡប់មកពីក្រៅប្រទេស ដើម្បីកាត់ផ្តាច់ឫសគល់នៃការចម្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។
លោកបន្តថា ដើម្បីទប់ស្កាត់ការធ្វើដំណើរចល័ត ចូលមកក្នុងខេត្តសៀមរាប អាជ្ញាធរខេត្តក៏បានចេញវិធានការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមបណ្តាស្រុកចំនួន៦ដែលមានព្រំប្រ ទល់ជាប់និងបណ្តាខេត្តផ្សេងៗជុំវិញខេត្តសៀមរាប ដោយ មានកម្លាំងការពារយ៉ាងម៉ឺង ម៉ាត់និងជាប្រចាំផងដែរ។
លោកអភិបាលរងខេត្តសៀមរាប ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋរស់ នៅក្នុងខេត្តសៀមរាប សូមចូលរួមអនុវត្តវិធានការ៣កុំ និង៣ការពារ ជាពិសេសមេត្តាអត់ធ្មត់ចូលរួមគោរពតាមការ ណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩។
សេចក្តីសម្រេចមានទាំងខេត្តសៀមរាបយើងផង អ៊ីចឹងចំពោះខេត្តសៀមរាបយើងប្រភេទដែលតា រកឃើញ១៧នាក់ហើយ ប៉ុន្តែស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កមិនធ្ងន់ធ្ងរទេ យើងគ្រប់ គ្រងបានវាមានធ្លាយដែរ ចេញទៅដល់កំពង់ឃ្លាំង អ៊ីចឹងបានយើងដាក់តំបន់កំពង់ឃ្លាំង សូទ្រនិគមជាតំបន់ក្រហម ក្នុងរយៈពេល ១៤ថ្ងៃដែលបិទខ្ទប់ហ្នឹង ខេត្តមានវិធានការ ដឹកនាំដោយអភិបាលខេត្តដឹកនាំស្រាវជ្រាវ ធ្វើម៉េច១៤ថ្ងៃយើងខ្ញុំឱ្យជាប់ រកឱ្យឃើញប្រភពឱ្យអស់តែ ម្តង យើងឆែកមន្ទីរទាំងអស់នៅក្នុងខេត្ត ជួយទៅតាមសង្កាត់ក្នុងក្រុង និងតាមមណ្ឌលចត្តាឡីស័ក ជួយស្រាវជ្រាវរកបងប្អូនដែលមកពីប្រទេសជិតខាង បើនៅតាមស្រុកអត់សូវស្មុគស្មាញដូចនៅក្នុងក្រុងទេ នៅសៀមរាបយើងដាក់៦ច្រក មានជីក្រែង ស្វាយលើ វ៉ារិន្ទ ស្រីស្នំ ក្រឡាញ់ ផ្លូវទឹកមាននៅចុងឃ្នៀស ក៏មានការពិចារណានៅពោធិ៍ទ្រាយ និងមាត់ខ្លា ហើយកម្លាំងដែលប្រចាំការ២៤ម៉ោង តែអ្នកដែលដឹកជញ្ជូនស្បៀងចាំបាច់ យើងអត់ឃាត់ទេ តែកម្លាំងក៏ប្រយ័ត្នប្រយែងក្រែងមានបង្កប់មនុស្ស។
សូមជម្រាបផងដែរថា យោងតាមសេចក្តីសម្រេចរបស់រាជ រដ្ឋាភិបាលលេខ៨២ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២១ សម្រេចបិទខ្ទប់ភូមិ សាស្ត្រខេត្ដចំនួន៨ រួមមានខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះ អាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ ចាប់ពីម៉ោង២៣:៥៩នាទីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)៕
ប្រភព៖ក្រសួងព័ត៌មាន