អន្តរជាតិ៖ សេដ្ឋកិច្ចពិភពលោក ខាតបង់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណ ១ទ្រីលានដុល្លារ ដោយសារតែមេរោគកូរ៉ូណា ឬកូវិដ១៩ ។ នេះបើយោងតាមព្យាករណ៍របស់អ្នកជំនាញផ្នែកសេដ្ឋកិច្ចឈានមុខគេ។
អ្នកជំនាញសេដ្ឋកិច្ចមកពីសកលវិទ្យាល័យ Oxford បានឲ្យដឹងថា ការរីករាលដាលនៃមេរោគកូរ៉ូណាទៅកាន់តំបន់នានា ទាំងនៅខាងក្រៅទ្វីបអាស៊ី បានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ១,៣ ភាគរយ នៅឆ្នាំនេះ ដែលស្មើនឹង ១,១ទ្រីលានដុល្លារ ក្នុងប្រាក់ចំណូលដែលបាត់បង់។
អ្នកប្រឹក្សាយោបល់បាននិយាយថា គំរូនៃសេដ្ឋកិច្ចពិភពលោករបស់ខ្លួនបានបង្ហាញថា វីរុសនេះកំពុងមាន “ភាពតានតឹង” នៅពេលដែលរោងចក្របិទទ្វារនៅប្រទេសចិន ហើយបានរាលដាលដល់ប្រទេសជិតខាង និងបណ្តាលឱ្យក្រុមហ៊ុនធំៗជាច្រើន នៃបណ្តាប្រទេសនានា ខ្វះខាតវត្ថុធាតុដើម និងបានព្យាយាមស្វះស្វែងរកប្រភពដើម រួមនិងទំនិញជាច្រើនទៀតមកពីភាគខាងកើតវិញ ខណៈតម្រូវការវត្ថុធាតុដើមទាំងនោះ ត្រូវតែផ្គត់ផ្គង់ជំនួសជាចាំបាច់បំផុត។
ក្រុមហ៊ុន Apple បានប្រាប់វិនិយោគិនកាលពីដើមសប្តាហ៍នេះថា ខ្លួននឹងខកខានមិនបានសំរេចតាមគោលដៅប្រាក់ចំណូល ប្រចាំត្រីមាសរបស់ខ្លួននោះទេ ដោយសារតែការផ្គត់ផ្គង់ទូរស័ព្ទ iPhone មានកម្រិតបណ្តោះអាសន្ន។ ចំណែកឯការចំណាយរបស់ចិន ក្នុងអំឡុងពេលមានវិបត្តិវីរុស ក៏ជួបនឹងវិបត្តិធ្លាក់ចុះផងដែរ។
ក្រុមហ៊ុនផលិតយាន Jaguar Land Rover បានបន្ថែមការត្អូញត្អែរអំពីបញ្ហាផ្គត់ផ្គង់ និងបាននិយាយថា គ្រឿងបន្លាស់រថយន្តនៅឯរោងចក្រអង់គ្លេសរបស់ខ្លួន នៅចុងសប្តាហ៍ក្រោយប្រឈមនឹងការដាច់ស្តុក ប្រសិនបើមេរោគនេះបន្តរាលដាលក្នុងប្រទេសចិន។
អ្នកជំនាញសេដ្ឋកិច្ច Oxford ដដែលបានព្យាករណ៍ថា ទិន្នផលសរុបប្រចាំឆ្នាំរបស់ចិននឹងធ្លាក់ចុះពី ៦% នៅឆ្នាំមុន ទៅ ៥,៤% នៅឆ្នាំ ២០២០ នេះ បន្ទាប់ពីការផ្ទុះឡើងនៃមេរោគ។ ប៉ុន្តែប្រសិនបើវារីករាលដាល កាន់តែទូលំទូលាយនៅអាស៊ី ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក នឹងធ្លាក់ចុះ៤០០ពាន់លានដុល្លារ នៅឆ្នាំ២០២០ ឬ ០,៥%។
ប្រសិនបើវីរុសឆ្លងហួសទ្វីបអាស៊ី វានិងក្លាយជាជំងឺរាតត្បាតសកល ហើយផលិតផលក្នុងស្រុកនឹងធ្លាក់ចុះ ១,១ទ្រីលានដុល្លារ ឬ ១,៣ ភាគរយ បើប្រៀបធៀបទៅនឹងស្ថានភាពបច្ចុប្បន្ន។ ការធ្លាក់ចុះ១,១ទ្រីលានដុល្លារ ប្រៀបបីដូចជាត្រូវបាត់បង់ទិន្នផលប្រចាំឆ្នាំរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី១៦ នៅលើពិភពលោក។
របាយការណ៍នេះបាននិយាយថា “សេណារីយ៉ូរបស់យើងមើលឃើញថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក រងផលប៉ះពាល់ដោយសារការធ្លាក់ចុះ នៃការធ្វើដំណើរ និងទេសចរណ៍ ដែលជាផលប៉ះពាល់ទីផ្សារហិរញ្ញវត្ថុ និងខ្សោយការវិនិយោគ” ៕