ប្រជាជនអាមេរិកប្រឈមនឹងការបណ្តេញចេញពីផ្ទះ នៅក្នុងអំឡុងជំងឺកូវីដផ្ទុះឡើងវិញ

58

ចាប់ពីថ្ងៃអាទិត្យទី ១ សីហា ប្រជាជនអាមេរិកាំងរាប់លាននាក់ត្រូវប្រឈមនឹងការបណ្តេញចេញ ពីផ្ទះ ដោយសារខកខានមិនបានបង់ថ្លៃឈ្នួលផ្ទះអស់រាប់ខែ។ នៅថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវសភា Congres បោះឆ្នោត ពន្យារ ការផ្អាកបណ្តេញចេញ នៅអំឡុងវិបត្តិកូវីដ។ ប៉ុន្តែការអំពាវនាវរបស់ប្រធានាធិបតីអាចនឹងគ្មានលទ្ធផល ព្រោះថា សភាអាមេរិកទាំងពីរជាន់ថ្នាក់ ត្រូវបិទទ្វារ ក្នុងអំឡុងវិស្សមកាល រហូតដល់ខែ កញ្ញាខាងមុខ។
បន្ទាប់ពីបានពន្យារពេលជាច្រើនលើក ក្នុងហេតុផលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នយោបាយ ផ្អាកការបណ្តេញចេញពីផ្ទះសម្បែង ត្រូវចប់អស់សុពលភាព នៅត្រឹមយប់ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ។
មានន័យថា ចាប់តាំងពីថ្ងៃ០១ ខែសីហា នេះតទៅ ប្រជាជនអាមេរិកាំង ប្រមាណ ជាង១០លាននាក់ ដែលយឺតយ៉ាវ បង់ថ្លៃឈ្នួលផ្ទះ នឹងអាចប្រឈមនឹងការបណ្តេញចេញ គ្រប់ពេលវេលា។ ការសិក្សារបស់ការិយាល័យស្ថិតិអាមេរិកាំង កាលពីដើមខែកក្កដា បានបង្ហាញថា ក្នុងចំណោមអ្នកជួលផ្ទះជាង ៥១លាននាក់ មានជាង ៣លាននាក់ (៣,៦លាននាក់) វាយតម្លៃថា ពួកគេនឹងអាចត្រូវបណ្តេញចេញពីផ្ទះ នៅ ២ខែខាងមុខ។
ទៅតាមវិធានការផ្អាកការបណ្តេញចេញពីផ្ទះ ដែលបង្កើតឡើងដោយមជ្ឈមណ្ឌល បង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ កាលពីខែកញ្ញា ឆ្នាំ ២០២០ ប្រជាជនអាមេរិកាំង ដែលខកខាន មិនអាចបង់ថ្លៃឈ្នួលផ្ទះ តាមពេលវេលា ព្រោះធ្លាក់ខ្លួនឈឺ ដោយសារជំងឺកូវីដ ឬបាត់បង់ការងារធ្វើ ក្នុងអំឡុងវិបត្តិកូវីដ ត្រូវបានគេអនុគ្រោះ ឲ្យបន្ត ស្នាក់នៅ ទៀត។
ប៉ុន្តែ នៅក្រោយការតវ៉ារបស់ក្រុមបក្សសាធារណរដ្ឋ ដែលលើកឡើងពីបន្ទុកធ្ងន់ធ្ងររបស់ម្ចាស់ផ្ទះ តុលាការកំពូលអាមេរិក បានសម្រេច កាលពីខែមិថុនាកន្លងទៅថា រាល់ការពន្យារ ការផ្អាកបណ្តេញចេញពីផ្ទះ ត្រូវសម្រេចឡើងដោយសភាអាមេរិក។
បញ្ហានៅត្រង់ថា សមាជិកបក្សសាធារណរដ្ឋបានព្យាយាមប្រឆាំងរាល់ការប៉ុនប៉ងរបស់ក្រុមប្រជាធិបតេយ្យ ដែលចង់ឲ្យគេពន្យារការផ្អាកបណ្តេញចេញពីផ្ទះ រហូត ដល់ខែ តុលាខាងមុខ។
ប្រជាជនអាមេរិកាំង រាប់លាននាក់កំពុងប្រឈមធ្លាក់ខ្លួន ទៅរស់នៅតាមផ្លូវ ក្នុងពេលករណីឆ្លងជំងឺកូវីដកំពុងផ្ទុះកើនឡើងវិញ ដោយសារមេរោគបំប្លែងខ្លួន “ដែលតា”។ បន្ថែមពីលើស្ថានភាពដ៏ពិបាកមួយទៀត រហូតដល់ពេលនេះ ក្នុងចំណោម ប្រាក់ជំនួយរបស់រដ្ឋសហព័ន្ធ ចំនួន ៤៥ពាន់លានដុល្លារ ដែលរដ្ឋបាលលោក ចូ បៃដិន បង្កើតឡើងសម្រាប់ជួយម្ចាស់ផ្ទះ មានតែ ៣ពាន់លានដុល្លារ ប៉ុណ្ណោះ ដែលបានផ្ញើទៅដល់គោលដៅ៕