ប្រទេសចិនផ្តល់វ៉ាក់សាំងចំនួន ៣៥០លានដូសដល់បណ្តាដៃគូនៃគម្រោង BRI

48

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣៥០លានដូសដល់អ្នកសហការឧបត្ថម្ភនៃគំនិតផ្តួចផ្តើមគំនិតសម្រាប់ភាពជាដៃគូ​គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ទៅលើកិច្ចសហប្រតិបត្តិការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

អ្នកនាំពាក្យរូបនោះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការ​បរទេសចិន លោក វ៉ាង យី បានធ្វើជាប្រធាននៃសន្និសីទកម្រិតខ្ពស់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីកិច្ចសហ​ប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ កាលពីខែមិថុនាឆ្នាំនេះ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ប្រទេសចិន និងបណ្តាប្រទេសចំនួន ២៨ បានចាប់ផ្តើមចូលរួមជាមួយគ្នានូវគំនិតផ្តួចផ្តើមសម្រាប់ភាពជា​ដៃគូនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំសម្រាប់ជំនួយវ៉ាក់សាំង ការនាំចេញ និងការផលិតរួមគ្នា។

អ្នកនាំពាក្យរូបនោះបាននិយាយថា ប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមនេះ និងបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអ្នកសហការឧបត្ថម្ភនូវគំនិតផ្តួចផ្តើមទៅលើវ៉ាក់សាំងសរុបចំនួន ៧៧៥លានដូស ដែលរួមមានទាំងក្នុងទម្រង់ជាការប្រមូលផ្តុំ ដោយនៅក្នុងនោះ វ៉ាក់សាំងចំនួន ៣៥០លានដូសត្រូវបានផ្តល់ជូនហើយ។

អ្នកនាំពាក្យរូបនោះបាននិយាយថា បណ្តាក្រុមហ៊ុនចិនបានចាប់ផ្តើមផលិតរួមគ្នាជាមួយអ្នកសហការ​ឧបត្ថម្ភចំនួនបួននៃគំនិតផ្តួចផ្តើមនេះ ហើយកំពុងពិភាក្សាអំពីការផលិតរួមគ្នាជាមួយបណ្តាប្រទេសដែល​មានការចាប់អារម្មណ៍ផ្សេងៗទៀត។

អ្នកនាំពាក្យរូបនោះបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចខិតខំប្រឹង​ប្រែងជាមួយដៃគូនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីលើកកម្ពស់ការចែកចាយវ៉ាក់សាំងប្រកបដោយ​ភាពស្មើគ្នានៅទូទាំងពិភពលោក និងបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំងនៅក្នុងបណ្តា​ប្រទេសនៃ​គម្រោងខ្សែក្រវ៉ាត់និងផ្លូវ និងបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន