ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ​មួយ​និយាយថា ខ្លួន​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ចិន​ដើម្បី​ឲ្យ​ដឹងថា​តើ​ឱសថ remdesivir ប្រឆាំងនឹង​មេរោគ​វីរុស​អាច​ផ្តល់​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ជនរងគ្រោះ​ដោយសារ​ការ​រាតត្បាត​យ៉ាង​លឿន​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ដែល​គេ​ស្គាល់​ថា COVID-19 ឬទេ​។​

ក្រុមហ៊ុន​នេះ​សង្ឃឹមថា នឹងមាន​ចម្លើយ​មិន​ហួស​ពីថ្ងៃ​ទី​១​ខែឧសភា​ទេ​។ មន្ត្រី​នៃ​ក្រុមហ៊ុន Gilead Sciences ដែល​បាន​បង្កើត​ថ្នាំ remdesivir សម្រាប់​ព្យាបាល​ជំងឺ Ebola និង​ជំងឺ​មួយទៀត បាន​និយាយប្រាប់​វី​អូ​អេ​ថា ក្រុមហ៊ុន​នេះ​បានចាប់ផ្តើម​ការសាកល្បង​ពីរ​ក្នុងចំណោម​អ្នកជំងឺ​ដែលមាន​ផ្ទុកមេរោគ​នេះ «​ដើម្បី​កំណត់​អំពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព​នៃ​ឱសថ remdesivir ជា​សក្តានុពល​សម្រាប់​ព្យាបាល​កម្ចាត់​មេ​រោ​គេ​វីរុស​កូ​រ៉ូ​ណា​»​។​
​ការសាកល្បង​នេះ​បាន​ត្រូវ​ស្វាគមន៍​ដោយ​កក់ក្តៅ​នៅក្នុង​ប្រទេស​ចិន​ដែល​នៅ​ទីនោះ​ទីភ្នាក់ងារ​ព័ត៌មាន​ជា​ផ្លូវការ​របស់​ប្រទេស​នេះ​បាន​អបអរសាទរ​ជាមួយ​អត្ថបទ​មួយ​នៅ​ទំព័រ​ខាងមុខ​។​
​មាន​ហេតុផល​ខាង​វិទ្យាសាស្ត្រ​ថែមទៀត​ដើម្បី​ឱ្យមាន​សេចក្តីសង្ឃឹម​ដោយមាន​រួមបញ្ចូល​ករណី​នៃ​អ្នកជំងឺ​អាមេរិកាំង​ម្នាក់​មាន​ផ្ទុកមេរោគ​វីរុស​កូ​រ៉ូ​ណា​ដែល​បាន​រើប​យ៉ាង​លឿន​ពី​ជំងឺ​នេះ​កាលពី​ខែមករា ក្នុងពេល​តែ ២៤​ម៉ោង ក្រោយពី​បាន​ប្រើ​ឱសថ remdesivir​។ នៅមុន​ប្រើបាស់​ថ្នាំ​នេះ រោគសញ្ញា​របស់​អ្នកជំងឺ​នេះ​បានបង្ហាញ​សញ្ញា​អាក្រក់​ជាង​មុន​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​មួយ​ពី​ក្រុមហ៊ុន Gilead បាន​ចែងថា​ការសាកល្បង​ដំបូង​បានចាប់ផ្តើម​ចុះឈ្មោះ​អ្នកជំងឺ​នៅ​ថ្ងៃទី​៦​ខែកុម្ភៈ​។ ក្រុមហ៊ុន​នេះ​ក៏បាន​និយាយ​ដែរ​ថា ខ្លួន​បាន​ផ្តល់ឱ្យ​ប្រទេស​ចិន «​នូវ​ថ្នាំ remdesivir គ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នកចូលរួម​ក្នុងការ​សាកល្បង​នេះ​ចំនួន​រហូតដល់​៥០០​នាក់​»​។​
​បណ្តាញ​ផ្សាយ​ព័ត៌មាន​មួយ​មាន​មូលដ្ឋាន​ក្នុង​ក្រុង Shanghai បាន​រាយការណ៍​ថា​ពួកគេ​បានឃើញ​ឯកសារ​មន្ត្រី​គយ​ដែល​អនុញ្ញាតឱ្យ​ថ្នាំ remdesivir ២​ពាន់ ៨​រយ ៤៣​ប្រអប់​ដែល​បាន​ដឹកជញ្ជូន​ទៅដល់​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​៤ ខែកុម្ភៈ ត្រូវយក​ចេញពី​យន្តហោះ​សម្រាប់​សាកល្បង​ព្យាបាល​អ្នកជំងឺ​៕