Corona៖ ពេលនេះកម្ពុជាបានទទួលយុត្តិធម៌វិញហើយ។ ស្ត្រីជនជាតិអាមេរិកកាំងអាយុ ៨៣ឆ្នាំ ដែលចុះពីលើនាវា Westerdam ហើយត្រូវបានឧបនាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានអះអាងថា មានផ្ទុកវីរុសកូរ៉ូណា ឬ Covid-19 នោះ ពេលនេះគឺគ្មានផ្ទុកនូវវីរុសនោះឡើយ។

នេះបើយោងតាមការផ្សាយរបស់កាសែត The Straits Times របស់សិង្ហបូរីនៅល្ងាចថ្ងៃទី២១ កុម្ភៈនេះដោយយោងតាមការប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក Covid-19 របស់ លោកស្រី ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Wan Azizah Ismail ។

ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកស្រី Wan Azizah បាននិយាយថា “ស្រ្តីវ័យ៨៣ឆ្នាំម្នាក់នោះ ត្រូវបានធ្វើតេស្តជាច្រើនលើកដើម្បីពិនិត្យរកមើល COVID-19 ហើយលទ្ធផលបានបង្ហាញចេញមកថា គាត់ពុំមានផ្ទុកវីរុសនេះទេ”។

ការប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងគ្មានវីរុស Covid-19 ទេក៏បានកើតឡើងក្រោយពេលមានកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក Covid-19 ដែលគេអាចសន្និដ្ឋានបានថា ជាការប្រជុំដើម្បីត្រួតពិនិត្យឡើងវិញអំពីករណីស្ត្រីជនជាតិអាមេរិកាំងរូបនោះក្រោយមានសំណើរពីភាគីកម្ពុជា ហើយក៏គេជឿជាក់ថា ក៏មានសំណើរដូចគ្នាពីអង្គការសុខភាពពិភពលោក និងភាគីសហរដ្ឋអាមេរិកផងដែរពីព្រោះភាគីទាំងពីរនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការត្រួតពិនិត្យអ្នកជិះលើនាវា Westerdam ។

តាមពិត ភាពមិនប្រក្រតីនៃ ព័ត៌មាននេះបានកើតឡើងតាំងពី ដំបូងមកម៉្លេះ ពោលគឺចាប់តាំងពីអាជ្ញាធរម៉ាឡេស៊ីបានប្រកាសថា ស្ត្រីរូបនោះមានផ្ទុកវីរុស Covid-19 ។ អ្វីដែលគួរឲ្យសង្ស័យនោះគឺ ពេលចេញពីកម្ពុជា ស្ត្រីរូបនោះមានសុខភាព ល្អធម្មតា ហើយគ្មានផ្ទុកវីរុស នេះទេ។ ស្រាប់តែទៅដល់ម៉ាឡេស៊ីភ្លាម ក៏មានការប្រកាសព័ត៌មានថា គាត់បានឆ្លងវីរុស Covid-19 ។ ចំណុចគួរឲ្យសង្ស័យបំផុតមួយទៀតគឺ ហេតុអ្វីបានជាប្តីរបស់ស្ត្រីរូប នោះអាយុ ៨៥ ឆ្នាំដែលនៅជាមួយគ្នារហូតបែជាគ្មានផ្ទុកវីរុស? ចំណែកឯមនុស្សជាង ២០០០នាក់ ដែលនៅលើនាវាក៏គ្មានអ្នកណាម្នាក់ផ្ទុកវីរុសនេះ ដែរ។

ដោយឈរលើចំណុចគួរឲ្យសង្ស័យនេះហើយបានជាប្រមុខដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារ ម្តងហើយម្តងទៀត ឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញអំពីករណីនេះ។

ករណីនេះ សម្តេចបានមានប្រសាសន៍ថា “ការទាមទាររបស់ សម្តេចមិនមែន ដើម្បី
រកយុត្តិធម៌សម្រាប់សម្តេចនោះទេ ប៉ុន្តែគឺដើម្បីយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផ ងនិងជាពិសេសក៏ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកជិះលើនាវាទាំងជាង ២០០០ នាក់ផងដែរ ពីព្រោះ ការប្រកាសព័ត៌មានថាស្ត្រីជនជាតិអាមេរិកាំងម្នាក់មានផ្ទុកវីរុស Covid-19 មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា, មុខមាត់អង្គការសុខភាពពិភពលោក និងមុខមាត់របស់ក្រុមការងារសុខាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែព័ត៌មានដ៏អកុសលនេះក៏បានធ្វើអោយ
អ្នកទេសចរទាំងនោះ ពិតជាមានអារម្មណ៍មិននឹងហ្នរឡើយហើយជាពិសេសគឺបានបង្កើតអោយ មានការរើសអើង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអ្នកទាំងនោះ ពីព្រោះពួកគេមិនអាចបន្ត
ដំណើរវិលត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារ និងដើម្បីបន្តការងាររបស់ខ្លួនវិញតាមការកំណត់បានទេ ដោយសារតែការរើសអើងដែលកើតចេញពីព័ត៌មានអកុសលចេញពីម៉ាឡេស៊ី។

ដោយផ្អែកលើការអះអាងដ៏ខុសឆ្គងនេះ សារព័ត៌មានមួយចំនួន បានយកព័ត៌មាននេះមកផ្សព្វផ្សាយ  ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលកម្ពុជា និងជាពិសេស ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។

ការសំរេចចិត្តដ៏មុតស្រួច របស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអនុញ្ញាតឲ្យនាវា Westerdam ចូលចតមិនត្រឹមតែបានធ្វើអោយប្រជាជនក្នុងពិភពលោកដឹងថា «កម្ពុជាជាប្រទេសតូចក្រីក្រមែនពិត តែមានបេះដូង និងទឹកចិត្តជួយយកអាសារធំធេងដូចមហាសមុទ្រ» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអោយឃើញនូវ  «ភាពមិនរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ»។

ឥឡូវនេះ ព័ត៌មានអកុសលនេះ ត្រូវបានរលាយទៅវិញបន្ទាប់ពីព័ត៌មានចុងក្រោយ ដែលចេញពី ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី បញ្ជាក់យ៉ាងមុតមាំថា ស្ត្រីជនជាតិអាមេរិកាំងអាយុ ៨៣ ឆ្នាំ គ្មានផ្ទុកវីរុស Covid-19 ពុំដូចការចោទឡើងរបស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីនោះទេ។ ព័ត៌មាននេះពិតជាបានផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា ក៏ដូចជាការផ្តល់យុត្តិធម៌ដល់កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់បេសកកម្មដោះស្រាយ បញ្ហារើសអើង និងវិបត្តមនុស្សធម៌ដ៏ធំមួយនេះ៕