អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​២៣៦០​នាក់ ហើយ បើ​គិត​ត្រឹម​ម៉ោង​៨ និង​១០​នាទី ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែកុម្ភៈ នេះ ដោយ​ខេត្ត​ហ៊ូ​ប៉ី មាន​អ្នកស្លាប់​១០៦​នាក់​បន្ថែមទៀត និង​៣​នាក់​ទៀត​នៅ​បណ្តា​ខេត្ត​ផ្សេងទៀត​។ ក្រៅពី​ចិន អ៊ីរ៉ង់​កើន​អ្នកស្លាប់​២​នាក់ កូរ៉េខាងត្បូង​កើន​១​នាក់ និង​អ៊ីតាលី មាន​អ្នកស្លាប់​ដំបូង​។​

ទិន្នន័យ Tracking Coronavirus របស់ BNO News បង្ហាញ​ផងដែរ​ថា តួលេខ​អ្នកជំងឺ​កើនឡើង​ដល់​ជាង​៧៦ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៩ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​។ អ្នកជំងឺ​ប្រមាណ​១២ ០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ជាង​២០ ០០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​បច្ចុប្បន្ន អ្នកស្លាប់​២៣៤៨​នាក់​ស្ថិត​ក្នុងប្រទេស​ចិន ដោយ​ភាគច្រើនបំផុត​នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ហើយ​តំបន់​រដ្ឋបាល​ពិសេស​ចិន គឺ​ហុងកុង​មាន​២​ករណី និង​តៃវ៉ាន់​មាន​១​ករណី​។​ក្រៅពី​ចិន មាននៅ​អ៊ីរ៉ង់​៤​ករណី ជប៉ុន​៣​ករណី (​អ្នកដំណើរ​លើ​នាវា Diamond Princess ២​ករណី​) កូរ៉េខាងត្បូង​២​ករណី បន្ទាប់មក​មាន បារាំង ហ្វីលីពីន និង​អ៊ីតាលី ដែលមាន​១​ករណី​រៀងៗ​ខ្លួន​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៨​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ បែលហ្ស៊ិក អេ​ហ្ស៊ី​ប និង​អ៊ីរ៉ង់​។ អ៊ីស្រាអែល និង​លី​បង់ ទើប​រកឃើញ​ករណី​ដំបូង ដែល​សុទ្ធតែជា​អ្នកដំណើរ​ចេញពី​នាវា Diamond Princess នៅ​ជប៉ុន​។​