អាជ្ញាធរស្រុកមោងឫស្សីបិទខ្ទប់វត្តពោធិ៍រាមបន្ទាប់ពីបានរកឃើញព្រះសង្ឃមានវិជ្ជមានកូវីដ-១៩

148

បាត់ដំបង៖ អាជ្ញាធរនិងក្រុមគ្រូពេទ្យស្រុកមោងឫស្សី ខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់វត្តពោធិ៍រាម ស្ថិតនៅភូមិពោធិ៍១ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង បណ្តោះ អាសន្ន ដែលមានព្រះសង្ឃគង់នៅជាង១០០ អង្គជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញព្រះសង្ឃនៅក្នុងវត្តនេះមានវិជ្ជមានកូវីដ- ១៩ ។

លោក ទេព ហន អភិបាល ស្រុកមោងឫស្សីមាន ប្រសាសន៍ថា នៅវត្តពោធិ៍រាមនេះ មានព្រះសង្ឃគង់នៅសរុប ១៧៦អង្គ តែព្រះសង្ឃខ្លះនិមន្តចេញក្រៅខ្លះ សល់តែ១៥០អង្គប៉ុណ្ណោះ ដែលបានក្រុមគ្រូពេទ្យធ្វើតេស្តរកមេរោគកូវីដ១៩ រហូតដល់ព្រលប់ថ្ងៃទី០៨ខែសីហា ដែលជាលទ្ធផល រកឃើញព្រះសង្ឃមួយអង្គមាន វិជ្ជមានកូវីដ១៩ ។

លោកបញ្ជាក់ថា ដោយសារ តែរកឃើញព្រះសង្ឃតែមួយអង្គមានវិជ្ជមានកូវីដ១៩ អាជ្ញាធរនិងមន្រ្តីសុខាភិបាល បានសម្រេចបិទខ្ទប់វត្តនេះតែ ៧២ម៉ោង បន្ទាប់ពីធ្វើសំណាកសិនប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យព្រះសង្ឃ ទាំង អស់និមន្តចេញក្រៅវត្តនោះទេ ដើម្បីរង់ចាំការធ្វើតេស្តលើកទី ពីរទៀត ។ លោកអភិបាលបញ្ជាក់ថា បើសិនជារកឃើញព្រះសង្ឃឆ្លងជំងឺកូវីដ១៩ តែ មួយអង្គដដែល នឹងបើកឱ្យវត្តនេះដំណើរការធម្មតាវិញ ប៉ុន្តែបើសិនរកឃើញវិជ្ជមានបន្ថែមនោះ នឹងបន្តធ្វើចត្តាឡី ស័ករហូត១៤ថ្ងៃ ។ ចំណែកអ្នកដែលប៉ះពាល់ផ្ទាល់ជា មួយព្រះសង្ឃដែលមានវិជ្ជមានកូវីដ១៩ ត្រូវបានធ្វើចត្តាឡីស័ក នៅដោយឡែក មិនឱ្យប៉ះពាល់ជាមួយព្រះ សង្ឃផ្សេងនោះទេ ។

អាជ្ញាធរបានឱ្យដឹងថា មូល ហេតុដែលរកឃើញឆ្លងជំងឺកូវីដ១៩ លើព្រះសង្ឃដែលគង់ នៅវត្តពោធិ៍រាមនេះ ដោយ សារតែកន្លងមក មានកូនសិស្សលោកម្នាក់មកពីឃុំតាលាស់ដែលជាកន្លែងផ្ទុះជំងឺកូវីដ១៩នោះ បានមកលេង លោកដល់វត្ត ។ បច្ចុប្បន្ននេះអាជ្ញាធរកំពុងតាមរកកូន សិស្សលោក ដែលរស់នៅឃុំតាលាស់នោះ ដើម្បីមកធ្វើសំណាករកមេរោគកូវីដ១៩ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងរាល ដាលបន្តទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន