ស្រ្តីវ័យចំណាសពិការកោងខ្នងម្នាក់អាចក្រោកដើរបានក្រោយពីចាក់វ៉ាក់សាំងកូវីដ ១៩ដូសទី១

79

បាត់ដំបង៖ពិតជាសំណាងណាស់ លោកយាយ អាយុ ៧៣ឆ្នាំម្នាក់ ពិការកោងខ្នងច្រើនឆ្នាំមកហើយ ស្រាប់តែ អាចក្រោកឈរត្រង់ខ្លួនដើរបានធម្មតាវិញ ក្រោយពីទទួលវ៉ាក់សាំងកូវីដ១៩ ដូសទី១ប៉ុណ្ណោះ ។

លោក មឹល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់មន្រ្តីសុខាភិបាលថា លោកយាយ ងឿន អឿន អាយុ ៧៣ឆ្នាំ រស់នៅ ភូមិ រាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គាត់ពិការកោងខ្នងបីឆ្នាំមកហើយ ដោយធ្វើដំណើរកោងស្ទើរដល់ដីរៀងរហូតមក ។ លោកបញ្ជាក់ថា ក្រោយពីលោក យាយបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩លើកទី១កាលពីថ្ងៃទី២ខែសីហា ឆ្នាំ២០២១ ស្រាប់តែបានបីបួនថ្ងៃក្រោយមក ខ្នងរបស់គាត់ត្រង់មានសភាពធម្មតាមកវិញ នឹងអាចដើរត្រង់ ដូច គេដូចឯងវិញ។

លោកយាយ អឿន បាននិយាយថា គាត់មិននឹកស្មានថាខ្នងរបស់គាត់អាចត្រង់ដើរបានធម្មតាវិញនោះទេ ។គាត់និយាយថាក្រោយប៉ុន្មានថ្ងៃពីចាក់វ៉ាក់សាំងលើកទី១ គាត់ក្រោកឡើងស្រាប់តែឃើញមានអាការ:ប្លែក ត្រង់ថាខ្នងបែរជាត្រង់ អាចដើរធម្មតា គាត់ត្រេកអរជាខ្លាំង និងបានហៅបងប្អូននិងអ្នកជិតខាងឱ្យមកជួយមើលនិងនិយាយ ប្រាប់ពីហេតុការណ៍នេះ ។ លោកយាយបានឱ្យដឹងថាគាត់អាចធ្វើដំណើរទៅណា មកណាបានស្រួលជាងមុន ជាពិសេសលោកយាយអាចទៅវត្តធ្វើបុណ្យដោយមិនពឹងឈើច្រត់និងតោងចាស់ៗដូច គ្នាទៀតទេ។

ទាក់ទងករណីនេះ លោកឱសថ វឿងប៊ុន រ៉េត ប្រធាន មន្ទីរសុខាភិបាលខេត្តបាត់ ដំបងដែលបានចុះ សួរសុខ ទុក្ខនិងនាំយកអំណោយជូនលោកយាយអឿនផ្ទាល់បានបញ្ជាក់ថា វ៉ាក់សាំង ការពារជំងឺកូវីដ១៩ មិនមែនជាថ្នាំព្យាបាលនោះទេ បងប្អូនកុំយល់ច្រឡំឱ្យសោះ ។

ប៉ុន្តែករណីលោកយាយខាងលើនេះវាជាសំណាងមួយរបស់គាត់ ដែលកម្រនឹងកើត ឡើង ព្រោះវ៉ាក់សាំង ពេលចាក់ដំបូងវាអាចធ្វើឱ្យយើងឈឺដៃ ឈឺជើង អស់កម្លាំងជាដើម ប៉ុន្តែវាត្រូវជាមួយ នឹងអាការ:របស់លោកយាយ ងឿន អឿន បែរជាធ្វើឱ្យខ្នងគាត់ត្រង់អាចក្រោកដើរត្រង់ធម្មតាបាន ៕

ប្រភព៖ ក្រសួងព័ត៌មាន