ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបអំពីការកែសម្រួលគណៈរដ្ឋមន្រ្តី ដែលអាចនឹងធ្វើឡើងនាពេលខាងមុខនេះ ក្រោយពេលពិនិត្យឃើញថា ការអនុវត្តកន្លងទៅរបស់ក្រសួងមួយចំនួនមានភាពស្ពឹកស្រពន់ខ្លះ។ ការបង្ហើបព័ត៌មាននេះ គឺធ្វើឡើងក្នុងសន្និសីទកាសែត ស្តីពីស្ថានការណ៍ចុងក្រោយនៅកម្ពុជា ដែលរៀបចំនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា៖«…អាចនឹងមានក្រសួងមួយចំនួន ត្រូវបានកែសម្រួល ព្រោះវា ត្រូវការកែសម្រួល ជាការធម្មតាណាស់។ វាមិនដល់ថ្នាក់រំលាយរដ្ឋាភិបាលទេ យើងគ្រាន់តែឃើញភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច ដែលមិនទាន់ឆ្លើយតបតាមការចង់បានរបស់យើង ដូចថា ចង់បាន១០០ តែយើងបានតែ៧០ ដូច្នេះ អាហ្នឹង ក៏ត្រូវតែកែដែរ»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ខ្ញុំគ្រាន់តែឱ្យសញ្ញាថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខ មិនជាយូរប៉ុន្មាន បន្ទាប់ពីច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនិវានុវត្តន៍ ឆ្លៀតពេលនោះយើងនឹងមានការបោះឆ្នោតជ្រើសរើសរដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីនោះក៏នៅតែជាឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដដែលក៏ប៉ុន្តែអាចនឹងមានក្រសួងមួយចំនួនមានការកែសម្រួល»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការកែសម្រួលគណៈរដ្ឋមន្រ្តីវាជារឿងធម្មតា ដែលនៅប្រទេសខ្លះមានការដូររហ័សជាងនេះ ហើយការកែសម្រួលនោះ ក៏មិនខ្លាំងរហូតដល់ការរំលាយចោលរដ្ឋាភិបាលនោះដែរ ព្រោះយើងគ្រាន់តែឃើញថា មានភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច មិនទាន់ឆ្លើយតបនឹងការចង់បានរបស់រាជរដ្ឋាភិបាល៕

ដោយ៖ CAM ASIA